(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ មន្រ្តីជំនាញផ្នែកម្ហូបអាហារ នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» ក្រសួងពាណិជ្ជកម្ម បានសហការជាមួយគណកម្មាការផ្សារធំថ្មី បានផ្សព្វផ្សាយដល់អាជីវករដែលកំពុងលក់ដូរនៅក្នុងផ្សារ លើប្រធានបទចំនួន២គឺ៖
១- ការប្រើប្រាស់សារធាតុគីមីបន្ថែមក្នុងម្ហូបអាហារ និង
២- គោលការណ៍ណែនាំសុវត្ថិភាពម្ហូបអាហារនៅតាមអាហារដ្ឋានចល័ត ឬស្តង់លក់អាហារដោយពេល។
គោលបំណងនៃការផ្សព្វផ្សាយអប់រំនេះ គឺដើម្បីបញ្ជ្រាបការយល់ដឹងជូនដល់អាជីវករអំពី សុវត្ថិភាពម្ហូបអាហារ ដោយផ្តោតទៅលើការប្រើប្រាស់សារធាតុគីមីក្នុងម្ហូបអាហារឱ្យបានស្របតាមស្តង់ដាដែលបានកំណត់ និងការអនុវត្តគន្លឹះអនាម័យទាំង៥របស់អង្គការសុខភាពពិភពលោក (WHO) ដែលធ្វើឱ្យម្ហូបអាហារមានសុវត្ថិភាព។
ជាចុងក្រោម អគ្គនាយកដ្ឋាន ក.ប.ប. សង្ឃឹមថា តាមរយៈការផ្សព្វផ្សាយនេះនឹងធ្វើឱ្យអាជីវករទទួលបានចំណេះដឹង ពីការប្រើប្រាស់សារធាតុគីមីបន្ថែមក្នុងម្ហូបអាហារឱ្យបានត្រឹមត្រូវ និងបានយល់ដឹងអំពីសុវត្ថិភាពម្ហូបអាហារនៅតាមអាហារដ្ឋានចល័ត ឬ ស្តង់លក់ម្ហូបអាហារដោយពេល ធានាការពារសុខមាលភាពអ្នកប្រើប្រាស់ និងធ្វើឱ្យអាជីវកម្មម្ហូបអាហារនៅតាមទីផ្សារមានអនាម័យ សុវត្ថិភាពល្អ ទទួលបានទំនុកចិត្តនិងការគាំទ្រពីអ្នកប្រើប្រាស់។