ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងមន្ទីរពេទ្យអន្តរជាតិ អរៀនដា

ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងមន្ទីរពេទ្យអន្តរជាតិ អរៀនដា ដែលជាមន្ទីរពេទ្យវិនិយោគដោយជនជាតិខ្មែរ និងមានការទទួលស្គាល់បច្ចេកទេសកម្រិតអន្តរជាតិ។
ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ពិតជាមានសារៈសំខាន់ក្នុងការរឹតចំណងកិច្ចសហប្រតិបត្តិការភាពជាដៃគូររវាងរដ្ឋ និងវិស័យឯកជន ពិសេសលើកកម្ពស់ការផ្តល់សេវាកម្មសុខាភិបាលជូនចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិករបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការពិនិត្យ និងថែទាំសុខភាពជាប្រចាំ ដើម្បីទទួលបានសុខភាពល្អ អាចចូលរួមគ្រប់សកម្មភាពសង្គម ពិសេសអាចបំពេញភារកិច្ចដែលរាជរដ្ឋាភិបាលបានប្រគល់ជូន។
ជាការយកចិត្តទុកដាក់ឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកក្រោមឱវាទក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ព្រមទាំងក្រុមគ្រួសារ ទៅពិនិត្យសុខភាពជាប្រចាំ បើទោះបីជាមានភាពមមាញឹកជាមួយការងារយ៉ាងណាក៏ដោយ ជាពិសេសទៅពិនិត្យនៅមន្ទីរពេទ្យ អរៀនដា ដែលមានផ្តល់សេវាកម្រិតអន្តរជាតិប្រមូលផ្តុំនូវវេជ្ជបណ្ឌិត និងបុគ្គលិកដែលមានសមត្ថភាព បទពិសោធន៍ និងក្រមសីលធម៌វិជ្ជាជីវៈ ដោយហេតុថាសុខភាពគឺមានសារៈសំខាន់ណាស់សម្រាប់មនុស្សគ្រប់រូប ដែលជាសម្បត្តិមិនអាចកាត់ថ្លៃបាន៕