ខេត្តកំពង់ធំ:អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤នេះ បានសហការជាមួយរដ្ឋបាលខេត្តកំពង់ធំ រៀបចំកិច្ចប្រជុំពិភាក្សាស្តីពី “ការគ្រប់គ្រងល្បែងផ្សងសំណាង និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ”។
កម្មវិធីនេះ ក្រោមអធិបតីភាពរបស់ លោក រស់ ភីរុណ អគ្គលេខាធិការ គ.ល.ក. តំណាងដ៏ខ្ពង់ខ្ពស់ អគ្គបណ្ឌិត-សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធាន គ.ល.ក.,
និងលោក ងួន រាសី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ តំណាងដ៏ខ្ពង់ខ្ពស់ លោក នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ។
ក្រៅពីនេះ គឺមានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំ, តំណាងសាលាដំបូងនិងអយ្យការអមសាលាដំបូងខេត្ត, តំណាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត, តំណាងបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្ត, តំណាងស្នងការដ្ឋាននគរបាលខេត្ត, ប្រធានមន្ទីរនិងអង្គភាពជំនាញពាក់ព័ន្ធ, គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក។
បន្ថែមពីនេះមាន ក្រុមប្រឹក្សាឃុំ-សង្កាត់ ថ្នាក់ដឹកនាំនិងមន្ត្រីជំនាញពាក់ព័ន្ធនៃរដ្ឋបាលខេត្តកំពង់ធំ, ថ្នាក់ដឹកនាំនិងមន្ត្រីជំនាញនៃ គ.ល.ក. និងប្រតិបត្តិករល្បែងផ្សងសំណាងប្រមាណ ២២៥ នាក់។
កិច្ចប្រជុំពិភាក្សានេះ រៀបចំឡើងក្នុងគោលបំណង៖ ១. បង្កើតឱ្យមានវេទិកាពិភាក្សា ពិគ្រោះ និងផ្លាស់ប្តូរមតិយោបល់រវាងអគ្គលេខាធិការដ្ឋាននៃ គ.ល.ក. និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងខេត្តកំពង់ធំ លើការគ្រប់គ្រងអាជីវកម្មល្បែងផ្សងសំណាង នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីកំណត់និងដោះស្រាយនូវបញ្ហាប្រឈម និងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដែលបាននិងកំពុងកើតមានឡើង នៅក្នុងកិច្ចដំណើរការអាជីវកម្មល្បែងផ្សងសំណាង។
បង្កើនកិច្ចសហការឱ្យកាន់តែជិតស្និទ្ធរវាងអគ្គលេខា-ធិការដ្ឋាននៃ គ.ល.ក. និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅខេត្តកំពង់ធំ សំដៅផ្លាស់ប្តូរព័ត៌មាន និងសហការក្នុងការគ្រប់គ្រង តាមដាន ត្រួតពិនិត្យ និងចាត់វិធានការតាមសមត្ថកិច្ចរៀងៗខ្លួន លើការធ្វើអាជីវកម្មល្បែងស៊ីសងគ្រប់ប្រភេទ ក៏ដូចជា ល្បែងផ្សងសំណាងដែលមិនមានអាជ្ញាបណ្ណ និង/ឬអាជ្ញាបណ្ណសាខា និង/ឬលិខិតអនុញ្ញាតប៉ុស្តិ៍សេវាពី គ.ល.ក. ។
លើកកម្ពស់ការយល់ដឹងឱ្យកាន់តែទូលំទូលាយនូវច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ពាក់ព័ន្ធនឹងការគ្រប់គ្រងអាជីវកម្មល្បែងផ្សងសំណាង ដើម្បីជំរុញអនុលោម-ភាពនិងការទទួលខុសត្រូវរបស់ប្រតិបត្តិករល្បែងផ្សងសំណាង និងចូលរួម កាត់បន្ថយផលប៉ះពាល់អវិជ្ជមាន
ជាអតិបរមាពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។
ក្នុងកិច្ចប្រជុំពិភាក្សានេះដែរលោកអគ្គលេខាធិការ គ.ល.ក. ក៏បានបញ្ជាក់ជូនអង្គប្រជុំផងដែរថា គិតត្រឹមដំណាច់ឆ្នាំ២០២៣ នៅទូទាំងប្រទេស គ.ល.ក. បានផ្តល់អាជ្ញាបណ្ណល្បែងផ្សងសំណាង ចំនួន ២១ អាជ្ញាបណ្ណសាខាល្បែងផ្សងសំណាង ចំនួន ៤៥ និងប៉ុស្តិ៍សេវាល្បែងផ្សងសំណាងចំនួន ៩០ សម្រាប់តែប្រភេទឆ្នោតកោស ឆ្នោតសន្លឹក និងឆ្នោតឡូតូ (ប្រភេទ ៥ខ្ទង់ ឬ៦ខ្ទង់)។
ថ្មីៗនេះ តាមរយៈការអនុវត្តច្បាប់និងលក្ខខណ្ឌអាជ្ញាបណ្ណតឹងរ៉ឹង គ.ល.ក. បានព្យួរអាជ្ញាបណ្ណល្បែងផ្សងសំណាងចំនួន ១ ក្រុមហ៊ុន និងបានដកហូតអាជ្ញាបណ្ណល្បែងផ្សងសំណាង ចំនួន ១ ក្រុមហ៊ុន ព្រមទាំងបានបញ្ឈប់ការបន្តសុពលភាពលិខិតអនុញ្ញាតប៉ុស្តិ៍សេវាល្បែងផ្សងសំណាងទាំង ៩០ ទីតាំងផងដែរ។
ចំណែកនៅខេត្តកំពង់ធំ គ.ល.ក. បានផ្តល់អាជ្ញាបណ្ណសាខាល្បែងផ្សងសំណាង ជូនដល់ក្រុមហ៊ុនចំនួន ៣ តែប៉ុណ្ណោះ គឺ ១.ក្រុមហ៊ុន ម៉ូឌែន អ៊ិនធើហ្រ្គេធីត សឺវីស ឯ.ក (ឆ្នោតម៉ូឌែន ឡូតធើរី), ២. ក្រុមហ៊ុន ឌ្រីម វីន ខបភើរេសិន (ឆ្នោតខ្មែរ), និង៣. ក្រុមហ៊ុន លាភមហាសម្បត្តិ ឡូតូ ឯ.ក (ឆ្នោត លាភមហាសម្បត្តិ ឡូតូ)។
ទន្ទឹមនេះ លោកអគ្គលេខាធិការ ក៏បានសង្កត់ធ្ងន់ថា ចំពោះក្រុមហ៊ុនល្បែងផ្សងសំណាង និង/ឬ ប្រតិបត្តិករល្បែងផ្សងសំណាង ដែលរកឃើញថានៅបន្តលួចលាក់បើកដំណើរការអាជីវកម្មល្បែងស៊ីសងខុសច្បាប់ (Keno) ត្រូវទទួលរងនូវការដកហូតអាជ្ញាបណ្ណ និងត្រូវផ្តន្ទាទោសតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន។
អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. និងបន្តពង្រឹងការចុះស្រាវជ្រាវ និងស៊ើបបញ្ជាក់ជាប់ជាប្រចាំ និងសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធដើម្បីបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទឱ្យបានទាន់ពេលវេលា។
បន្ទាប់ពីកិច្ចពិភាក្សាយ៉ាងផុលផុស គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត-ក្រុង-ស្រុក និងសមត្ថកិច្ចពាក់ព័ន្ធ បានយល់ច្បាស់នូវច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធការមិនព្រមទាំងបានប្តេជ្ញាយ៉ាងមុតមាំក្នុងការបន្តចាត់វិធានការបង្ក្រាបឱ្យអស់រាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងទប់ស្កាត់មិនឱ្យមានល្បែងស៊ីសងខុសច្បាប់ កើតមានជាថ្មីនៅក្នុងមូលដ្ឋានរបស់ខ្លួន។
កិច្ចប្រជុំពិភាក្សាស្ដីពី “ការគ្រប់គ្រងល្បែងផ្សងសំណាងនិងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅខេត្តកំពង់ធំ” បានប្រព្រឹត្តទៅដោយរលូននិងទទួលបានលទ្ធផលប្រកបដោយផ្លែផ្កាគាប់ប្រសើរ តាមការរំពឹងទុក។