ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កម្ពុជា-រុស្ស៊ី ប្ដេជ្ញារួមគ្នាក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ វិស័យយោធាដើម្បីធានាសន្តិភាព និងសន្ដិសុខ

AKP ភ្នំពេញ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ — លោក នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យលោកវរនាវីឯក VITALY LUCHSHEV នាយការិយាល័យអនុព័ន្ធយោធា សហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ១០២៤ នៅអគ្គបញ្ជាការដ្ឋាន។

នៅក្នុងឱកាសនោះ លោកវរនាវីឯក Vitaly LUCHSHEV បានជម្រាបជូនលោក អគ្គមេបញ្ជាការ អំពីសកម្មភាពមួយចំនួន ដែលរូបលោកបានមកបំពេញបេសកកម្មនៅកម្ពុជា ក្នុងរយៈពេល ៣ឆ្នាំ ជាពិសេសកិច្ចខិតខំប្រឹងប្រែងនៅក្នុងការពង្រឹង និងពង្រីកកិច្ចសហ ប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ។

លោកវរនាវីឯក បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៅក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ហើយបានបើកប្រទេសឡើងវិញ និងបានធ្វើជាប្រធានកិច្ចប្រជុំកំពូលអាស៊ានទទួលបានជោគជ័យ។

លោកវរនាវីឯក VITALY LUCHSHEV បានបញ្ជាក់ថា បច្ចុប្បន្នទោះបីរុស្ស៊ី ប្រឈមនឹងសង្គ្រាមទប់ទល់ជាមួយបណ្តាប្រទេសលោកខាងលិច តាមរយៈការប្រើប្រាស់ កម្លាំងអ៊ុយក្រែនក៏ដោយ ក៏រុស្ស៊ីនៅតែត្រៀមខ្លួនបន្តពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជា ដែលជាមិត្តយូរអង្វែង ដើម្បីការពារសន្តិភាព និងសន្តិសុខជាតិ។

ជាកិច្ចឆ្លើយតប លោក នាយឧត្តមសេនីយ៍ វង្ស ពិសេន បានរម្លឹកពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា-រុស្ស៊ី នៅក្នុងរយៈពេល៦៨ឆ្នាំមកនេះ និងបានថ្លែង អំណរគុណដល់រុស្ស៊ី ដែលបានជួយគាំទ្រ និងជួយជ្រោមជ្រែងប្រទេសកម្ពុជាលើគ្រប់វិស័យ ក្នុងកាលៈទេសៈលំបាក បន្ទាប់ពីកម្ពុជារំដោះរួចចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។

លោក ក៏បានកោតសរសើរដល់អនុព័ន្ធយោធារុស្ស៊ី ដែលបានខិតខំបំពេញ បេសកកម្មការងារ និងទទួលសមិទ្ធផលយ៉ាងច្រើននៅក្នុងការពង្រឹងពង្រីកកិច្ច សហប្រតិបត្តិការជាមួយកងយោធពលខេមរភូមិន្ទ ហើយឯកឧត្តមសង្ឃឹមថា អនុព័ន្ធយោធារុស្ស៊ីថ្មី នឹងបន្តបេសកកម្មនេះឱ្យកាន់តែល្អប្រសើរ និងរឹងមាំថែមទៀត។

លោក បានសំណូមពរដល់ប្រទេសរុស្ស៊ី ឱ្យបន្តជួយកម្ពុជាក្នុងការ បណ្ដុះបណ្ដាលធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទ ព្រមទាំងការផ្លាស់ប្ដូរទស្សនកិច្ច នៃបណ្តាប្រភេទទ័ព និងការជួយកសាងសាលានាយទាហានរថក្រោះ ដើម្បីកម្ពុជាអាចធ្វើការបណ្ដុះបណ្ដាលដោយខ្លួនឯងនៅនឹងកន្លែង។

ជាមួយនេះ លោក ក៏បានស្នើដល់រុស្ស៊ីបន្តកិច្ចសហប្រតិបត្តិការលើការ ផ្លាស់ប្ដូរព័ត៌មានពីគ្នាទៅវិញទៅមក ដើម្បីប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស ជួញដូរគ្រឿងញៀន បន្ថែមលើសនេះគឺកិច្ចការមនុស្សធម៌ កិច្ចការសង្គ្រោះគ្រោះមហន្តរាយ ក៏ដូចជាការចូលចតនាវា និងកិច្ចសហប្រតិបត្តិការបណ្ដាប្រភេទទ័ព៕