ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

គណៈប្រតិភូសម្ព័ន្ធក្រុមហ៊ុនហ្វុងនៅហុងកុង ចំណាប់អារម្មណ៍ក្នុងការវិនិយោគលើ វិស័យឧស្សាហកម្មវាយនភ័ណ្ឌនៅកម្ពុជា

លោកបណ្ឌិត William Kwok Lun Fung អគ្គនាយករងនៃសម្ព័ន្ធក្រុមហ៊ុនហ្វុង បានលើកឡើងពីការកត់សម្គាល់លើការផ្លាស់ប្តូរមុខមាត់របស់កម្ពុជា ក្នុងការត្រៀមខ្លួនសម្រាប់ទទួលវិនិយោគិនពីបរទេស ពិសេសការគិតគូរពីបរិស្ថាន ការប្រើប្រាស់នូវថាមពលកកើតឡើងវិញ និងការលើកកម្ពស់កម្លាំងពលកម្មរបស់ស្ត្រី ក្នុងវិស័យឧស្សាហកម្មពាក់ព័ន្ធ។

ការលើកឡើងបែបនេះ បានធ្វើឡើងនៅក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ម្សិលមិញនេះ។

ក្នុងជំនួបខាងលើនោះគណៈប្រតិភូ បានបង្ហាញនូវសុទិដ្ឋិនិយម ក្នុងការពិនិត្យលទ្ធភាព និងឱកាសដាក់ទុនវិនិយោគរបស់ខ្លួន មកកាន់ព្រះរាជាណាចក្រកម្ពុជានាពេលខាងមុខ ដោយផ្តោតជាពិសេសលើឧស្សាហកម្មវាយនភ័ណ្ឌ និងឧស្សាហកម្មកាត់ដេរផលិតសម្លៀកបំពាក់ នៅតាមបណ្តាតំបន់សេដ្ឋកិច្ចពិសេស ដែលមានសក្តានុពលផងដែរ។

ថ្លែងក្នុងកិច្ចពិភាក្សានាឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី បានរំលេចអំពីសក្តានុពលវិជ្ជមាននានា របស់ព្រះរាជាណាចក្រកម្ពុជា មានជាអាទិ៍ សុខសន្តិភាព និងស្ថិរភាពនយោបាយ លំនឹងម៉ាក្រូសេដ្ឋកិច្ច កម្លាំងពលកម្មវ័យក្មេងដែលមានលក្ខណៈរួចរាល់សម្រាប់បរិវត្តកម្មឌីជីថល ហេដ្ឋារចនាសម្ព័ន្ធអន្តរមធ្យោបាយដែលបាន និងកំពុងអភិវឌ្ឍឱ្យកាន់តែមានភាពសម្បូរបែប និងប្រទាក់ក្រឡា។

បន្ថែមពីនោះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីការគាំទ្រពីសំណាក់រាជរដ្ឋាភិបាល ដល់ការរីកលូតលាស់នៃវិស័យធុរកិច្ចឯកជន ដោយមានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាសេនាធិការច្រកចេញចូលតែមួយក្នុងការសម្របសម្រួល ជាមួយនឹងបែបបទនៃការវិនិយោគដែលមានភាពបត់បែន សំដៅលើកកម្ពស់បរិយាកាសធុរកិច្ចឱ្យកាន់តែមាន ជវភាព ភាពទាក់ទាញ ភាពអំណោយផលខ្ពស់ និងអនុគ្រោះបំផុត៕ ដោយ កន ចំណាន