ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គលេខាធិការដ្ឋាននៃ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម កម្ពុជា(គ.ល.ក.)ចេញសាររំលែកទុក្ខ ជូនចំពោះ លោកជំទាវ ឧកញ៉ាធម្មាមង្គលមុនី ថាយ វ៉ា គង់សំអុល ព្រមទាំងក្រុមគ្រួសារ

សាររំលែកទុក្ខ ជូនចំពោះ លោកជំទាវ ឧកញ៉ាធម្មាមង្គលមុនី ថាយ វ៉ា គង់សំអុល ព្រមទាំងក្រុមគ្រួសារ
តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គលេខាធិការដ្ឋាននៃ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម កម្ពុជា(គ.ល.ក.) និងក្នុងនាមខ្ញុំផ្ទាល់ មានសេចក្តីរន្ធត់ចិត្តឥតឧបមា បន្ទាប់ពីបានទទួលដំណឹងដ៏ក្រៀមក្រំថា សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ត្រូវជាស្វាមីរបស់លោកជំទាវឧកញ៉ាធម្មាមង្គលមុនី បានទទួលមរណភាព នៅថ្ងៃចន្ទ ១៤ រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៨:៣៥ នា នាទីព្រឹក ៩៤ឆ្នាំ ដោយជរាពាធ។ ក្នុងជន្មាយុមរណភាពរបស់ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល គឺជាការបាត់បង់ នូវស្វាមី ឪពុក ជីតា និងជីតាទួតជាទីគោរពស្រឡាញ់ ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការបីបាច់ថែរក្សា អប់រំទូន្មានប្រៀនប្រដៅកូនចៅ និងក្រុមគ្រួសារប្រកបដោយព្រហ្មវិហារធម៌ ទឹកចិត្តសន្តោសប្រោសប្រណី ដ៏ថ្លៃថ្លា។ នេះគឺជាការបាត់បង់នូវឥស្សរជនដ៏ឆ្នើមមួយរូប ដែលបានលះបង់អស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ ក្នុងការដឹកនាំ ក្រសួងព្រះបរមរាជវាំង លើកិច្ចការងារជាតិ និង អន្តរជាតិជាច្រើនដង្ហែតាមអង្គព្រះមហាក្សត្រ និងហ្លួងម៉ែជាអម្ចាស់ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីបម្រើឧត្តមប្រយោជន៍ជាតិមាតុភូមិ និងប្រជានុរាស្ត្រ។ ទោះបីរូបកាយរបស់សម្តេច បានបាត់បង់ទៅ មែនពិត ប៉ុន្តែគុណធម៌ កុសលធម៌ កិត្តិយស និងសេចក្តីថ្លៃថ្នូរស្ថិតស្ថេរក្នុងសន្តានចិត្តក្រុមគ្រួសារ និង ញាតិមិត្តជិតឆ្ងាយទាំងអស់ជានិច្ចនិរន្តរ៍។
ជាថ្មីម្តងទៀត យើងខ្ញុំសូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជះបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
សូម លោកជំទាវឧកញ៉ាធម្មាមង្គលមុនី ថាយ វ៉ា គង់ សំអុល ព្រមទាំងក្រុមគ្រួសារ ទទួល នូវការរំលែកទុក្ខដ៏ក្រៀមក្រំបំផុតពីយើងខ្ញុំ៕