ភ្នំពេញ៖ អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី១០-១១ ខែកញ្ញា ឆ្នាំ២០២៤ នេះ បានរៀបចំ “កម្មវិធីផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម (AML/CFT) និងច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ (CPF) និងកម្មវិធីបណ្តុះបណ្តាលស្តីពីការអនុវត្តកាតព្វកិច្ចជាក់ស្តែងរបស់បុគ្គលរាយការណ៍ក្រោមច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ” នៅក្នុងវិស័យល្បែងពាណិជ្ជកម្ម។
ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឧត្តមសេនីយ៍ឯក សៀង សេន អគ្គលេខាធិការស្តីទី គ.ល.ក. និងជាប្រធានក្រុមការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ប្រចាំអគ្គលេខាធិការដ្ឋាននៃ គ.ល.ក. និងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីនៃ គ.ល.ក., តំណាងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា, តំណាងក្រសួងមហាផ្ទៃ, មន្រ្តីប្រតិបត្តិ, ប្រធានផ្នែករដ្ឋបាលនិងធនធានមនុស្ស និងបុគ្គលិកពិសេសកាស៊ីណូនៃក្រុមហ៊ុនកាស៊ីណូ សរុបចំនួន ១១៨រូប។
គោលបំណងនៃកម្មវិធីផ្សព្វផ្សាយ និងបណ្តុះបណ្តាលខាងលើ គឺដើម្បីលើកកម្ពស់ការយល់ដឹងអំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹង AML/CFT និង CPF, ពង្រឹងសមត្ថភាព និងចែករំលែកបទពិសោធន៍ដល់កម្មសិទ្ធិករ និង/ឬប្រតិបត្តិករកាស៊ីណូដែលជាបុគ្គលរាយការណ៍ក្នុងវិស័យល្បែងពាណិជ្ជកម្ម ក្នុងការអនុវត្តកាតព្វកិច្ចស្របតាមច្បាប់ស្តីពី AML/CFT និង CPF។
កម្មវិធីផ្សព្វផ្សាយ និងបណ្តុះបណ្តាលត្រូវបានរៀបចំឡើងក្រោមប្រធានបទសំខាន់ៗដូចជាខ្លឹមសារនៃច្បាប់ស្តីពី AML/CFT និង CPF, នីតិវិធីនៃការស្រាវជ្រាវ និងស៊ើបអង្កេតបទល្មើសសម្អាតប្រាក់ក្នុងកាស៊ីណូ, វិធីសាស្ត្រលាងសម្អាតប្រាក់របស់ឧក្រិដ្ឋជនក្នុងគ្រឹះស្ថានល្បែងពាណិជ្ជកម្ម, ករណីជាក់ស្តែងនៃការលាងសម្អាតប្រាក់ក្នុងកាស៊ីណូតាមបណ្តាប្រទេសដទៃ, វិធានការការពារ, ទប់ស្កាត់ និងលុបបំបាត់សកម្មភាពលាងសម្អាតប្រាក់ក្នុងកាស៊ីណូ។
ការបង្កក និងរឹបអូសទ្រព្យសម្បត្តិរបស់បុគ្គល និងអង្គភាពដែលត្រូវបានដាក់ឈ្មោះក្នុងបញ្ជីរបស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ (UNSC) និងចែករំលែកអំពីនីតិវិធីនៃការប្រើប្រាស់ និងការចាត់ចែងទ្រព្យសម្បត្តិបង្កកផងដែរ។ ជាមួយគ្នានេះដែរ កម្មវិធីផ្សព្វផ្សាយ និងបណ្តុះបណ្តាលក៏បានបញ្ចូលនូវប្រធានបទសំខាន់ចំនួន២ពាក់ព័ន្ធនឹងការគ្រប់គ្រងប្រតិបត្តិការកាស៊ីណូ និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែង គឺដើម្បីលើកកម្ពស់ការយល់ដឹងបន្ថែមអំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងក្នុងវិស័យល្បែងពាណិជ្ជកម្ម, ការគ្រប់គ្រងអាជ្ញាបណ្ណ, កាតព្វកិច្ចកាន់កាប់បញ្ជីគណនេយ្យ និងហិរញ្ញវត្ថុ, ការគ្រប់គ្រងសន្តិសុខសណ្តាប់ធ្នាប់, ការគ្រប់គ្រងផលប៉ះពាល់ពីល្បែង និងទោសទណ្ឌក្នុងវិស័យល្បែងពាណិជ្ជកម្ម ក្នុងគោលដៅជំរុញអនុលោមភាព និងការទទួលខុសត្រូវរបស់កម្មសិទ្ធិករ និង/ឬប្រតិបត្តិករកាស៊ីណូ និងចូលរួមកាត់បន្ថយផងប៉ះពាល់អវិជ្ជមានជាអតិបរមាពីល្បែង។
កម្មវិធីផ្សព្វផ្សាយច្បាប់ និងកម្មវិធីបណ្តុះបណ្តាលខាងលើ សិក្ខាកាមត្រូវបានជំរុញ និងលើកទឹកចិត្តឱ្យខិតខំបំពេញភារកិច្ចក្នុងការអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាពខ្ពស់។






