ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកបណ្ឌិត កៅ ថាច អគ្គនាយក ARDB ចុះពិនិត្យមើលរោងម៉ាស៊ីនចំនួន៤នឹង ស្នើឱ្យម្ចាស់រោងម៉ាស៉ីនកិនស្រូវជួយប្រមូលទិញស្រូវពីកសិករបន្ថែមទៀត

បន្ទាយមានជ័យ ÷ ថ្ងៃទី១៥ ខែកញ្ញានេះ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) និង សហការីបានបន្តអញ្ជើញចុះពិនិត្យមើលរោងម៉ាស៊ីនកិនស្រូវ៤កន្លែង និងការប្រមូលទិញស្រូវរបស់រោងម៉ាស៊ីនក្នុងស្រុក ស្ថិតនៅភូមិធំថ្មី ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ការចុះពិនិត្យពីខ្សែច្រវ៉ាក់ផលិតកម្មនៅក្នុងរោងម៉ាស៊ីនកិនស្រូវ ដែលដឹកនាំដោយលោកបណ្ឌិត កៅ ថាច គឺ ស្របពេលដែលកសិករនៅទូទាំងប្រទេស កំពុងតែមមាញឹកយ៉ាងខ្លាំងក្នុងការប្រមូលផលស្រូវ OM 54 51 ស្រូវស្រង៉ែនោះ លោកបណ្ឌិតក៏បានស្នើសុំឲ្យរោងម៉ាស៊ីនបន្តប្រមូលទិញស្រូវពីកសិករបន្ថែមទៀត។
ជាមួយគ្នានេះក៏ជាពេលវេលាដ៏ល្អ ដែលកសិករយើងបាន និងត្រៀមខ្លួនក្នុងការប្រមូលផលស្រូវវស្សានៅពេលខាងមុខនេះ។ ទស្សនកិច្ចចុះពិនិត្យមើលរោងម៉ាស៊ីនកិនស្រូវ រួមមាន ទី១ រោង ម៉ាស៊ីន ឆាយ គឹមទឹង ទី២ រោងម៉ាស៊ីន ហ្វាង វី ១៦៨ ទី៣ រោងម៉ាស៊ីនកិនស្រូវ កៅង៉ែត ដែលកំពុងប្រមូលទិញស្រូវស្រង៉ែ និងOM 54 51 ពីប្រជាកសិករនៅទូទាំងខេត្ដបន្ទាយមានជ័យ ដើម្បីស្តុកទុក និងកែច្នៃនាំចេញក្រៅប្រទេស ។
ដោយឡែកនារសៀលថ្ងៃទី១៥ ខែកញ្ញាដដែលនោះ លោកបណ្ឌិត កៅ ថាច និង សហការី បានបន្តអញ្ជើញចុះពិនិត្យមើលរោងម៉ាស៊ីន និងការប្រមូលទិញស្រូវទី៤ ឈ្មោះ ភួកុកគី ដែលស្ថិតនៅភូមិក្រោលក្របី ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។
ទន្ទឹមនោះ លោកបណ្ឌិតប្រតិភូ បានផ្តល់អនុសាសន៍ និងណែនាំដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវ ភួកុកគី ត្រូវធ្វើយ៉ាងណា នាពេលប្រមូលផលស្រូវត្រូវបង្កើតការទិញស្រូវពីកសិករឲ្យបានច្រើនថែមទៀត ដើម្បីជួយរក្សាស្ថេរភាពតម្លៃដល់កសិករ។