ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

មន្ត្រីជាន់ខ្ពស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីក្រុមប្រឹក្សាតំបន់វិនិយោគអាស៊ានលើកទី២៧ នៅប្រទេសឡាវ

លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នារសៀលថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០២៤ម្សិលមិញនេះ បានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីក្រុមប្រឹក្សាតំបន់វិនិយោគអាស៊ានលើកទី២៧ ដែលប្រទេសឡាវធ្វើជាម្ចាស់ផ្ទះ។

កិច្ចប្រជុំនេះគឺជាកិច្ចប្រជុំប្រចាំឆ្នាំ ដែលមានគោលដៅផ្តោតទៅលើកិច្ចពិភាក្សាមួយចំនួនពាក់ព័ន្ធទៅនឹងការវិនិយោគនៅក្នុងតំបន់អាស៊ាន ដែលរួមមាន ការជំរុញការវិនិយោគ ការលើកកម្ពស់ការតភ្ជាប់ ការកាត់បន្ថយនូវរបាំងវិនិយោគតាមរយៈការធ្វើសេរីភាវូបនីយកម្មវិនិយោគក្នុងតំបន់ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនានា ដូចជាភាពតានតឹងផ្នែកពាណិជ្ជកម្មដោយសារភូមិសាស្ត្រនយោបាយ បញ្ហាបម្រែបម្រួលអាកាសធាតុ និងនិន្នាការនៃការប្រើប្រាស់ថាមពលកកើតឡើងវិញ។

នាឱកាសនេះដែរ ក៏មានការចុះហត្ថលេខាលើពិធីសារទី៥ ស្តីពីវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន ដែលពិធីសារនេះត្រូវបានរំពឹងទុកថានឹងធ្វើឱ្យរបបវិនិយោគនៅក្នុងតំបន់អាស៊ានកាន់តែមានភាពទូលំទូលាយ និងផ្តល់ទំនុកចិត្តបន្ថែមទៀតដល់វិនិយោគិនពីក្រៅតំបន់មកបណ្តាក់ទុនវិនិយោគក្នុងតំបន់។ ដោយ៖ កន ចំណាន