ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋមន្ត្រីក្រសួងព័ត៌មានជួបប្រជាពលរដ្ឋត្រៀមចេញទៅទស្សនកិច្ចទិសឦសានសម្រាប់ថ្ងៃ២១កញ្ញា

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការកិច្ចការព្រំដែន នឹងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ២០០នាក់ នៅទីស្តីការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់នៅរសៀលថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ។

យោងតាមសេចក្តីព្រាងរបៀបវារៈ សម្រាប់ការជួបជុំដើម្បីទទួលបានព័ត៌មានបន្ថែមមុនដំណើរទស្សនកិច្ចទិសឦសាននេះ បានអោយដឹងថា លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអ្នកសម្របសម្រួលរៀបចំដំណើរទស្សនកិច្ចសិក្សានៅតាមបណ្តាខេត្តតាមបណ្តោយព្រំដែននាទិសឦសានបានធ្វើបទបង្ហាញស្តីពី «របៀបរបបនៃដំណើរទស្សនកិច្ច និងកម្មវិធីទស្សនកិច្ច» ខណៈលោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការកិច្ចការព្រំដែន បានធ្វើបទបង្ហាញស្តីពី «កិច្ចការព្រំដែន» ។

ជំនួបមុនចេញដំណើរនេះ នឹងធ្វើអោយប្រជាពលរដ្ឋបានជ្រាបជាមុនអំពីទិសដៅធ្វើដំណើរ អំពីគោលបំណងនៃទស្សនកិច្ចទៅឦសាន អំពីការបោះបង្គោលព្រំដែន និងអំពីការការពារបង្គោលព្រំដែន ជាដើម។ នេះគឺជាដំណើរទស្សនកិច្ចទៅកាន់ខេត្តត្បូងឃ្មុំ ក្រចេះ និងមណ្ឌលគិរី រួចវិលត្រលប់មករាជធានីភ្នំពេញវិញនៅថ្ងៃដដែល។

ការរៀបចំដំណើរទស្សនកិច្ចទៅតំបន់ឦសានជូនប្រជាពលរដ្ឋនេះ ធ្វើឡើងដោយចំណាយហូបចុក ១ថ្ងៃ៣ពេល ការធ្វើដំណើរ និងការស្នាក់នៅទាំងអស់ គឺជាបន្ទុកផ្ទាល់ខ្លួនរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ រួមជាមួយសប្បុរជន។

ក្រសួងព័ត៌មានបានទទួលភារកិច្ចពីរាជរដ្ឋាភិបាលក្នុងការរៀបចំដំណើរទស្សនកិច្ចទៅទិសឦសាននេះជូនប្រជាពលរដ្ឋជារៀងរាល់ចុងសប្តាហ៍ពីដើមខែកញ្ញារហូតដល់បំណាច់ឆ្នាំ២០២៤។

សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចទិសឦសានសម្រាប់ថ្ងៃ២១កញ្ញានេះ គឺជាលើកទី៣ហើយ ដែលលើកទី១ និងលើកទី២ ធ្វើឡើងកាលពីថ្ងៃទី៧និង១៤ខែកញ្ញា ដែលបានធ្វើអោយអ្នកចូលរួមមានការពេញចិត្ត ដោយសារមានឱកាសបានឃើញផ្ទាល់ភ្នែកនូវការអភិវឌ្ឍន៍នៅតំបន់ឦសាន បានឃើញបង្គោលព្រំដែនខ្មែរ ព្រមទាំងទទួលបានព័ត៌មានពិតជាក់ស្តែងដែលផ្ទុយពីការបំផ្លើសពីក្រុមប្រឆាំង៕

អត្ថបទ៖ ពេជ ប៊ុនរ៉ា MoINFO APP រូបភាពជំនួបកាលពីថ្ងៃទី១៣ កញ្ញា