ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ឃួង ស្រេង៖ ប្រជាពលរដ្ឋរស់នៅតំបន់ព្រំដែននៃខេត្តទាំង៤ និងតំបន់ផ្សេងទៀត នឹងទទួលបានការអភិវឌ្ឍរីកចម្រើនដូចគ្នាពីរាជរដ្ឋាភិបាល

មណ្ឌលគិរី ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤–

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ស្នើឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា និងបន្តដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដោយប្រជាពលរដ្ឋរស់នៅតំបន់ព្រំដែននៃខេត្តទាំង៤ និងតំបន់ផ្សេងទៀតនឹងទទួលបាននូវការអភិវឌ្ឍរីកចម្រើនដូចគ្នាពីរាជរដ្ឋាភិបាល។ ឯកឧត្ដមអភិបាលបានស្នើបែបនេះ ក្នុង​ឱកាសឯកឧត្ដម ដឹកនាំមន្ត្រីរាជការរដ្ឋបាលរាជធានីភ្នំពេញ ចុះធ្វើទស្សនកិច្ចនៅបង្គោលព្រំដែនលេខ៦៥ ឡាប៉ាខេ (កម្ពុជា-វៀតណាម) ក្នុងភូមិអូអាម ឃុំស្រែខ្ទុំ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគីរី នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤។

លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា លោកដឹកនាំមន្ត្រីរាជការចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញ ចុះមកពិនិត្យមើលបង្គោលព្រំដែនលេខ៦៥ ឡាប៉ាខេនេះ គឺដើម្បីឱ្យមន្ត្រីទាំងអស់បានឃើញពីស្ថានភាពព្រំដែនពិតប្រាកដ គឺមិនមានការរំកិល ឬរំលោភយកដី ដូចការញុះញង់ពីក្រុមជ្រុលនិយមឡើយ។ ក្រោយពីបានឃើញពីស្ថានភាពពិតជាក់ស្តែងហើយ សូមបងប្អូនយកទៅផ្សព្វផ្សាយតគ្នា ជូនប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ ថាព្រំដែនកម្ពុជា ត្រូវបានថែទាំយ៉ាងគត់មត់ បូរណភាពទឹកដី ត្រូវបានរក្សាបានយ៉ាងល្អប្រសើរ ក្នុងការដឹកនាំរបស់សម្ដេចតេជោ និងសម្ដេចធិបតី។ នេះជាសារមួយផ្ញើជូនដល់ប្រជាពលរដ្ឋទាំងអស់ និយាយដោយឡែក ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ តែបើនិយាយជារួម សូមឱ្យប្រជាពលរដ្ឋ នៅក្នុងព្រះរាជាណាចក្រកម្ពុជា មានជំនឿជឿជាក់លើការដឹកនាំរបស់សម្ដេចធិបតី។ រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន ក៏ដូចជានីតិកាលទី៧ នៃរដ្ឋសភា ដែលបន្តដឹកនាំដោយសម្ដេចធិបតី បានថែទាំយ៉ាងគត់មត់នូវទឹកដី និងបូរណភាពទឹកដី ដោយចាប់ពីថ្ងៃរំដោះ ៧មករា រហូតដល់បច្ចុប្បន្ននេះ ទឹកដីកម្ពុជាមិនទាន់បាត់មួយមីលីម៉ែត្រណាឡើយ។

ទន្ទឹមនឹងនេះ លោកបានបន្តថា សម្តេចទាំងទ្វេបានដកអាវុធចេញពីសត្រូវ ធ្វើកិច្ចការងារដោយបោះជំហានទៅមុខ ក្នុងការអភិវឌ្ឍជូនជាតិមាតុភូមិ មិនទុកឱ្យប្រជាពលរដ្ឋ នៅក្នុងតំបន់ណាមួយឯកោ ដោយមិនមានការអភិវឌ្ឍនោះទេ សុំមានការជឿជាក់ និងខិតខំប្រឹងប្រែងទាំងអស់គ្នា។ អ្វីដែលសំខាន់ គឺប្រជាពលរដ្ឋយើងទាំងអស់គ្នារួមចិត្តតែមួយ ឯកភាពជាឯកច្ឆ័នការពារឱ្យខានតែបាននូវសន្តិភាព ទោះក្នុងតម្លៃណាក៏ដោយ សន្តិភាពជាតម្លៃសារវន្ត ដែលមិនអាចបាត់បង់បានទេ ចង់បានការអភិវឌ្ឍ ត្រូវថែទាំសន្តិភាពនេះឱ្យបានរឹងមាំ ស្ថិតស្ថេរ ទៅថ្ងៃអនាគត ដើម្បីយុវជនរបស់យើង ស្គាល់នូវភាពសុខសាន្ត និងការរីកចម្រើន។ ការខិតខំប្រឹងប្រែងបោះបង្គោលព្រំដែន សម្តេចយល់ច្បាស់ណាស់ថា បោះបង្គោលព្រំដែនដើម្បីធ្វើឱ្យកន្លែងព្រំដែននេះជាតំបន់អភិវឌ្ឍន៍។ ប្រទេសមានប្លង់រឹង កាលណាបោះបង្គោលព្រំដែនហើយ បានន័យថា ប្រទេសមានប្លង់រឹង ដូចផ្ទះយើង ដីយើង មានប្លង់រឹង អញ្ចឹងមិនអាចរំលោភបានទៀតទេ នៅពេលយើងមានបង្គោលព្រំដែនពិតប្រាកដ។

ជាមួយគ្នានេះដែរ លោក ឃួង ស្រេង បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាជាធ្លុងមួយ រក្សាសន្តិភាពឱ្យបានគង់វង្ស ដើម្បីឱ្យកម្ពុជាឈានទៅសម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕ ដោយ សួស សំរិត