ភ្នំពេញ៖ តំណាងអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤នេះ នឹងសាកសួរគូរភាគីជាលើកទី២ ក្នុងសំណុំរឿងឆបោកប្រាក់អស់សរុបជិតមួយសែនដុល្លារ ករណីរៀបចំបែបបទចូលជាមន្ត្រីក្នុងជួរនគរបាលជាតិ។
យោងតាមដីកាកោះលើកទី២ ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ របស់លោក ឡុង ស៊ីថា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ដើមបណ្តឹងឈ្មោះ ឌុក ឡូរ ភេទប្រុស អាយុ៥៣ឆ្នាំ មានទីលំនៅភូមិឈើកាច់ ឃុំឈើកាច់ ស្រុកបាភ្នំខេត្តព្រៃវែង នឹងចូលខ្លួនបំភ្លឺជូនតំណាងអយ្យការនាវេលាព្រឹក។ ចំណែកចុងបណ្តឹងជាប់សង្ស័យជាជនឆបោក មានឈ្មោះ ឆេង ឆៃឡា (ហៅស្រីមុំ) ភេទស្រី ជនជាតិខ្មែរ មានអាសយដ្ឋានស្ថិតនៅភូមិអង្ក្រង២ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងម្នាក់ទៀតឈ្មោះ វ៉ែន សុខាត់ ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ មានអាសយដ្ឋានស្ថិតនៅភូមិចម្រើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវចូលខ្លួននាវេលារសៀលថ្ងៃដដែល។។
ឈ្មោះ វ៉ែន សុខាត់ គឺជាមន្ត្រីនៅនាយកដ្ឋានកណ្តាលសន្តិសុខនៃក្រសួងមហាផ្ទៃ រីឯឈ្មោះ ឆេង ឆៃឡាង បានអះអាងថា មានប្តីមប្រើការនៅផ្នែកអង្គរក្ស ប៉ុន្តែមិនបញ្ជាក់ឲ្យបានច្បាស់ឡើយ ចំណែកឈ្មោះ វ៉ែន សុខាត់ បានព្យាយាមបដិសេធ មិនបង្ហាញឈ្មោះប្តីរបស់ស្ត្រីនេះទេ។
ចំណាត់ការរបស់សាលាដំបូងរាជធានីភ្នំពេញ គឺធ្វើឡើងតាមបណ្តឹងរបស់នាយកដ្ឋាននគរព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដែលកាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ បានបញ្ជូនសំណុំរឿងឆបោកប្រាក់នេះចូលសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីជនសង្ស័យក្នុងបទល្មើសខាងលើគេចវេសមិនព្រមចូលខ្លួនទៅបំភ្លឺនៅចំពោះមន្រ្តីនគរបាលអស់ជាច្រើនលើក។
ក្រោយពីទទួលបណ្តឹងភ្លាម លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បានចាត់សំណុំរឿងនេះឲ្យលោកព្រះរាជអាជ្ញារង ឡុង ស៊ីថា ជាអ្នកពិនិត្យ និងចាត់ការតាមផ្លូវច្បាប់។ ដោយមិនបង្អង់យូរ លោកព្រះរាជអាជ្ញារង បានចេញដីកាកោះលើកដំបូង ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ បញ្ជាឲ្យគូភាគីចូលបំភ្លឺ។
អនុវត្តតាមដីកាកោះខាងលើនេះ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ លោក ឡុង ស៊ីថា បានសាកសួរជនរងគ្រោះ ឈ្មោះ ឌុក ឡូរ និងជនសង្ស័យឈ្មោះ វ៉ែន សុខាត់ ប៉ុន្តែមិនឃើញការបង្ហាញខ្លួនរបស់ឈ្មោះ ឆេង ឆៃឡា តាមដីកាកោះឡើយ។
យោងតាមការរៀបរាប់របស់ជនចាញ់បោកបានឲ្យដឹងថា អ្នកឆបោកទាំងពីរនាក់នេះ បានបោកយកប្រាក់ពីមនុស្សសរុបសរុប១០នាក់ ដែលមានបំណងចង់ចូលធ្វើការជាមន្ត្រីនគរបាលជាតិ តាមរយៈការសន្យាបំពេញបែបបទចូលក្របខណ្ឌដោយជោគជ័យជាថ្នូរនឹងទឹកប្រាក់ដ៏ច្រើនក្រាស់ក្រែល។
លោក ឌុក ឡូរ បានចោទប្រកាន់ថា «ទង្វើរបស់ឈ្មោះ វ៉ែន សុខាត់ និងឈ្មោះ ឆេង ឆៃឡា គឺជាទង្វើទុច្ចរិត មានគំនិតបោកប្រាក់របស់ប្រជាជនយកទៅបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន ហើយបានធ្វើឲ្យខ្ញុំបាទខូចខាតផលប្រយោជន៍យ៉ាងធ្ងន់ធ្ងរ… ដែលមិនអាចទទួលយកបានឡើយ ហើយទង្វើនេះបានធ្វើឲ្យប៉ះពាល់ទៅដល់សណ្តាប់ធ្នាប់ សន្តិសុខសង្គម និងរបៀបរៀបរយសាធារណៈ ដែលច្បាប់គាំពារ»។
លោកបានបញ្ជាក់បន្ថែមថា តាមរយៈការណែនាំរបស់ជនឆបោកទាំងពីររូបនេះ លោកបានប្រមែប្រមូលអ្នកមានបំណងចូលបម្រើការងារជាមន្ត្រីនគរបាលជាតិ ដោយតម្រូវឲ្យបង់ប្រាក់ក្នុងម្នាក់រហូតដល់ចំនួន១០,០០០ ដុល្លារអាមេរិក។ ចំណែកបុរសឈ្មោះ វ៉ែន សុខាត់ បានសន្យាថា នៅក្នុងរយៈពេលបីខែ អ្នកបង់ប្រាក់ទាំងអស់នឹងទទួលឈ្មោះជាមន្ត្រីនគរបាលជាតិមានក្របខណ្ឌពេញសិទ្ធិ ដោយមិនចាំបាច់ឆ្លងកាត់ការប្រឡងឡើយ។ ប៉ុន្តែក្នុងករណីហួសការកំណត់រយៈពេលបីខែ ប្រសិនបើមិនមានឈ្មោះទេនោះ ឈ្មោះ វ៉ែន សុខាត់ នឹងប្រគល់ប្រាក់ត្រឡប់មកវិញគ្រប់ចំនួន។
លោកបញ្ជាក់បន្ថែមថា អ្នកចង់ចូលបម្រើការក្នុងក្របខណ្ឌ ដែលលោកជួយណែនាំបានចំណាយប្រាក់របស់យុវជន១០នាក់ គឺស្មើនឹង៩៥,០០០ដុល្លារ។
លោក ឌុក ឡូរ បានមានប្រសាសន៍រំឭកថា នៅពេលម្ចាស់ប្រាក់ទាមទារប្រាក់ច្រើនដងពេក ជនឆបោកបានសរសេរមូលប្បទានប័ត្រជាបន្តបន្ទាប់ ដែលមូលប្បទានប័ត្រទាំងនោះមិនមានសាច់ប្រាក់ឡើយ គឺអ្នកស្រុកហៅថា សែកស្អុយ។
ជនរងគ្រោះក្នុងអំពើឆបោកនេះ បានបង្ហាញថា នៅក្នុងកិច្ចសន្យាសងប្រាក់នោះបានសរសេរបញ្ជាក់យ៉ាងច្បាស់ថា «សងបញ្ចប់នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ ប៉ុន្តែពួកគេមិនបានគោរពតាមការសន្យានោះទេ»។
បកស្រាយអំពីទង្វើបោកប្រាសនេះ អ្នកជំនាញផ្នែកច្បាប់បានពន្យល់ថា ប្រសិនបើយោងតាមក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា, ច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់ប្រាក់ ដែលកើតឡើងដូចករណីអនុវត្តកិច្ចសន្យាសងប្រាក់ ចុះថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ និងមូលប្បទានប័ត្ររបស់ធនាគារប្រៃសណីយ៍កម្ពុជា ក.អ លេខ១១០២៨២ គឺជាបទល្មើសឧក្រិដ្ឋ។ ចំណែកលិខិតប្រគល់ទទួលប្រាក់ចំនួនប្រាំមួយទៀត៖
១. លិខិតចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១
២. លិខិតចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០២១
៣. លិខិតចុះថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១
៤. លិខិតចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១
៥. លិខិតចុះថ្ងៃទី០១ ខែមករា ឆ្នាំ២០២២
៦. លិខិតចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២។
ការសន្យារបស់លោកកស្រី ឆេង ឆៃឡា តាមរយៈមូលប្បទានប័ណ្ណគ្មានសាច់ប្រាក់ ឬហៅថា សែកស្អុយ ត្រូវបានអ្នកច្បាប់ចង្អុលបង្ហាញថា «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ បដែលអាចជួញដូរបាន បទឆបោក និងបទរំលោភ លើទំនុកចិត្ត ជាបទល្មើសបញ្ញត្តិឲ្យផ្តន្ទាទោសតាមមាត្រា២៣១នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរ បាន និងប្រតិបត្តិការទូទាត់ប្រាក់ តាមមាត្រា៣៧៧ មាត្រា៣៧៨ មាត្រា៣៩១ និងមាត្រា៣៩២ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា»។
ការបកស្រាយបោកបន្លប់ និងអូសបន្កាយអស់រយៈពេលជាងបួនឆ្នាំ ត្រូវជនចាញ់បោកស្រែកថា «ឈប់រងចាំហើយ ដោយសារសន្យាបោកពេក»៕