លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យក្រុមការងារនៃនាយកដ្ឋានផែនការ និងគោលនយោបាយ ដឹកនាំដោយលោក ឃុត ចាន់ដារ៉ា ប្រធាននាយកដ្ឋាន ព្រមទាំងសហការីចូលជួបសម្តែងការគួរសមលើកដំបូង ដើម្បីរាយការណ៍ជូនអំពីផែនការការងាររបស់នាយកដ្ឋាន និងទទួលអនុសាសន៍ដឹកនាំបន្ថែមពីលោកប្រធាន។
ក្នុងជំនួបនេះ លោក ឃុត ចាន់ដារ៉ា បានធ្វើសេចក្តីរាយការណ៍ជូនលោកប្រធាននូវផែនការការងាររបស់នាយករដ្ឋាន ព្រមទាំងលើកយកចក្ខុវិស័យសម្រាប់ការដឹកនាំឆ្ពោះទៅមុខក្នុងគោលដៅសម្រេចបានចក្ខុវិស័យស.ស.យ.ក.២០២៣-២០២៨ផងដែរ។
លោក ហ៊ុន ម៉ានី បានមានមតិស្វាគមន៍ និងថ្លែងអំណរគុណដល់ក្រុមការងារនាយកដ្ឋានដែលបានរៀបចំផែនការការងារសម្រាប់នាយកដ្ឋាន ដែលទើបតែទទួលបានការតែងតាំងថ្មីៗបានយ៉ាងល្អប្រសើរ។ ជាមួយគ្នានោះដែរ លោកក៏បានផ្តល់អនុសាសន៍ដល់នាយកដ្ឋានក្នុងការកំណត់សកម្មភាពការងារ ស្របទៅតាមបរិបទនៃទំនោររបស់យុវជន និងគួរធ្វើការសហការជាមួយនាយកដ្ឋានជំនាញ និងអង្គភាពចំណុះរបស់ស.ស.យ.ក. ដើម្បីធានាប្រសិទ្ធភាព និងប្រសិទ្ធផលនៃការអនុវត្តគម្រោងផែនការរបស់ខ្លួន។
គួរបញ្ជាក់ដែរថា នាយកដ្ឋានផែនការ និងគោលនយោបាយ គឺជានាយកដ្ឋានថ្មីមួយក្នុងចំណោមនាយកដ្ឋានទាំង១២ របស់ ស.ស.យ.ក. ដោយនាយកដ្ឋាននេះត្រូវបានបង្កើតឡើងក្នុងដៅពង្រឹងប្រសិទ្ធភាពការងារ តាមរយៈការពង្រឹងសមត្ថភាពយុវជនជាបន្តបន្ទាប់ ដើម្បីបន្តបេសកកម្មរបស់ ស.ស.យ.ក.ប្រកបដោយនិរន្តរភាព។ ដោយ៖ កន ចំណាន