ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងអង្គការនារីដើម្បីសន្តិភាព សហការគ្នាដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជូនប្រជាពលរដ្ឋ

លោកបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការ ក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងលោកស្រី គ្រី ស៊ុយហៀង នាយិកាប្រតិបត្តិនៃអង្គការនារី ដើម្បីសន្តិភាព កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការពង្រឹង និងលើកកម្ពស់ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅមូលដ្ឋាន។

យោងតាមក្រសួងយុត្តិធម៌បានអោយដឹងថានៅក្នុងឱកាសពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ លោកបណ្ឌិត ជិន ម៉ាលីន បានលើកទ្បើងអំពីវឌ្ឍនភាពការងារសំខាន់ៗ ដែល អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ សម្រេចបាននាពេលកន្លងមក ហើយឯកឧត្តម ក៏បានចាត់ទុកថា ការចុះអនុស្សរណៈនៃការយោគយល់គ្នា នាពេលនេះ គឺជាវឌ្ឍនភាពថ្មីមួយបន្ថែមទៀត ស្របតាមចក្ខុវិស័យរបស់ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងទិសដៅរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់យន្តការនៃការសម្រុះសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការឱ្យកាន់តែងាយស្រួល កាន់តែសម្បូរបែប កាន់តែខិតជិតប្រជាពលរដ្ឋនៅមូលដ្ឋាន និងកាន់តែមានប្រសិទ្ធភាពក្នុងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជូនប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នានេះ ផ្តោតសំខាន់លើការបង្កើតភាពជាដៃគូលើកិច្ចសហការពង្រឹងការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ អំពីអត្ថប្រយោជន៍នៃយន្កការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ, ការផ្តល់នូវការគាំទ្រផ្នែកបច្ចេកទេសក្នុងការសម្រុះសម្រួលដោះស្រាយវិវាទ និងការផ្តល់នូវវគ្គបណ្តុះបណ្តាលជំនាញសម្រុះសម្រួលដោះស្រាយវិវាទ ជូនដល់មន្ត្រីនៃអង្គភាពពាក់ព័ន្ធជុំវិញនៅមូលដ្ឋាន៕ អត្ថបទ៖ ធូ កុសល MoINFO APP