(ភ្នំពេញ)៖ ឧកញ៉ាបណ្ឌិត ឆាយ សុធា អគ្គនាយកក្រុមហ៊ុន Diamond Lucky Asia Co.,Ltd (DLA) បានអំពាវនាវដល់ប្រជាពលរដ្ឋ និងពាណិជ្ជករទាំងអស់ សូមបន្ដការយកចិត្ដទុកដាក់ រួមគ្នាអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសកម្ពុជា ឲ្យកាន់តែមានការរីកចម្រើន និងឈានទៅមុខទៀត ក្រោមការដឹកនាំប្រកបដោិយគតិបណ្ឌិតនិងឈ្លាសវៃ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ការអំពាវនាវបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឧកញ៉ាបណ្ឌិត ឆាយ សុធា អញ្ជើញចូលរួម ក្នុងពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នា (MoU) រវាងក្រុមហ៊ុនចំនួន៨ ដែលមានក្រុមហ៊ុន នៅក្នុងប្រទេសកម្ពុជា និងក្រុមហ៊ុនមកពីប្រទេសម៉ាឡេស៊ី, សិង្ហបុរី, ឥណ្ឌូនេស៊ី និងចិន។
ពិធីនេះ បានរៀបចំធ្វើឡើង នៅការិយាល័យ ជាន់ទី១៦ ក្នុងមជ្ឈមណ្ឌលអភិវឌ្ឍន៍ធុរកិច្ច មហាវិថី OCIC សង្កាត់គៀនឃ្លាំង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម សេត មូហាំម៉ាត់ស៊ីស រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម វ៉ាន់ម៉ាត់ ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង ឯកឧត្តម កៅ ធឿន នាយកដ្ឋានទូទៅប្រចាំអាស៊ាន អ្នកវិនិយោគជាច្រើនទៀត ព្រមទាំងមានមន្រ្តីជាន់ខ្ពស់មកពី តំណាងស្ថានទូតសហព័ន្ធរុស្ស៊ី នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។
លោក Sary Maeursoty នាយកក្រុមហ៊ុន វីហ្សីវៀបេន ខេមបូឌា ខនស្រាក់សិនឯ.ក បានលើកឡើងថា ពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នា (MoU) រវាងក្រុមហ៊ុន Diamond Lucky Asia Co.,Ltd (DLA) និងក្រុមហ៊ុនលោកគឺ ជាឱកាសដ៏ល្អ ក្នុងភាពជាដៃគូរល្អ ដើម្បីពិនិត្យមើលលើការវិនិយោគនៅកម្ពុជាសម្រាប់ការអភិវឌ្ឍន៍ផងដែរ។
លោកបានបន្ថែមថា ដោយមើលឃើញសក្តានុពលកម្ពុជាមានការអភិវឌ្ឍន៍លឿន ជាពិសេស កម្ពុជាមានសន្តិភាពល្អ ដែលអាចផ្តល់ឱកាសដល់ក្រុមហ៊ុនបរទេសមកអភិវឌ្ឍន៍ជាពិសេស ដៃគូរលោកនឹងត្រៀមខ្លួនក្នុងការសហការជាមួយភាគីកម្ពុជានៅពេលខាងមុខនេះ។
សម្រាប់ ឧកញ៉ាបណ្ឌិត ឆាយ សុធា អគ្គនាយកក្រុមហ៊ុន Diamond Lucky Asia Co.,Ltd (DLA) បានបញ្ជាក់ថា កម្ពុជា ក្នុងបរិយាកាសល្អ ដែលមានការលើកទឹកចិត្តយ៉ាងខ្លាំងដល់អ្នកវិនិយោគ គឺ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបន្តដល់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី មានការទាក់ទាញអ្នកវិនិយោគមកជាបន្តបន្ទាប់ផងដែរ។
ជាមួយគ្នានេះដែរ ទើបលោកឧកញ៉ាបណ្ឌិត ឆាយ សុធា សូមអំពាវនាវដល់ប្រជាពលរដ្ឋ និងពាណិជ្ជករទាំងអស់ យកចិត្ដទុកដាក់ ជំរុញលទ្ធភាពពីបុគ្គលម្នាក់ៗ ទៅរួមគ្នា ដើម្បីឲ្យសេដ្ឋកិច្ចប្រទេសកម្ពុជា កាន់តែមានរីកចម្រើន និងឈានទៅមុខជានិច្ច។
ទន្ទឹមគ្នានេះ ពាក់ព័ន្ធនឹងការ ចុះអនុស្សរណៈនៃការយោគយល់គ្នា ឧកញ៉ាបណ្ឌិត ឆាយ សុធា សង្ឃឹម និងជឿជាក់ថា ក្រោយពីចុះ MoU នេះរួចមក នឹងឈានទៅដល់ការវិនិយោគរួមគ្នា ជាមួយនឹងដៃគូបរទេស ដើម្បីផលប្រយោជន៍របស់ប្រទេសកម្ពុជា និងប្រជាជន។
បើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមហ៊ុន, ការចុះអនុស្សរណៈនៃការយោគយល់គ្នា ធ្វើឡើងក្នុងគោលបំណងជំរុញសម្ព័ន្ធភាពជាយុទ្ធសាស្ត្រ និងស្វែងរកឱកាសវិនិយោគ លើវិស័យសំខាន់ៗ នៅក្នុងប្រទេសកម្ពុជា។
ការចុះអនុស្សរណៈនៃការយោគយល់គ្នា នឹងផ្តោតលើវិស័យសំខាន់ៗមួយចំនួនះ រួមមាន៖
* សំណង់៖ ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងអភិវឌ្ឍន៍ទីក្រុង។
* ប្រេង និងឧស្ម័ន៖ ស្វែងរកការបណ្តាក់ទុនថ្មី និងកែលម្អប្រតិបត្តិការដែលមានស្រាប់។
* ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ៖ ការកសាង និងធ្វើឱ្យប្រសើរឡើងនូវបរិក្ខារសំខាន់ៗ។
* ថាមពលកកើតឡើងវិញ៖ ការវិនិយោគលើដំណោះស្រាយ ថាមពលប្រកបដោយនិរន្តរភាព ដើម្បីកាត់បន្ថយកាបូនឌីអុកស៊ីត។
* ទំនិញកែច្នៃ និងកសិកម្ម៖ ការជំរុញផលិតភាពកសិកម្ម និងសមត្ថភាពកែច្នៃ។
បន្ថែមពីលើចំណុចខាងលើ ក្រុមហ៊ុនក៏នឹងស្វែងរកឱកាសនៅក្នុង៖
* ផលិតកម្ម និងកែច្នៃកសិកម្ម៖ ការពង្រឹងបច្ចេកទេសកសិកម្ម និងវិធីសាស្ត្រកែច្នៃដើម្បីបង្កើនទិន្នផល និងគុណភាព។
* ទេសចរណ៍កសិ-ទេសចរណ៍៖ បង្កើតគំនិតផ្តួចផ្តើមទេសចរណ៍ ដែលបង្ហាញពីរបេតិកភណ្ឌកសិកម្មរបស់កម្ពុជា និងលើកកម្ពស់ការអនុវត្តកសិកម្មប្រកបដោយនិរន្តរភាព
* ថាមពលកកើតឡើងវិញ ក្នុងវិស័យកសិកម្ម៖ ការអនុវត្តដំណោះស្រាយថាមពលកកើតឡើងវិញ ដើម្បីផ្តល់ថាមពលដល់ប្រតិបត្តិការកសិកម្ម កាត់បន្ថយការចំណាយ និងផលប៉ះពាល់បរិស្ថាន។
* ការថែទាំសុខភាព៖ ការអភិវឌ្ឍន៍កន្លែងថែទាំសុខភាពទំនើប និងសេវាកម្ម។
* ការអប់រំ៖ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធអប់រំ និងកម្មវិធីដើម្បីបង្កើនអក្ខរកម្ម និងជំនាញ។
* បច្ចេកវិទ្យា និងការច្នៃប្រឌិត៖ គាំទ្រដល់ការចាប់ផ្តើមបច្ចេកវិទ្យា និងមជ្ឈមណ្ឌលច្នៃ ប្រឌិត ដើម្បីជំរុញការផ្លាស់ប្តូរឌីជីថល។
* វិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច៖ ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន និងជំរុញសេដ្ឋកិច្ច៕














