ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារតាមហ្វេសប៊ុក ថ្វាយព្រះពរសម្តេចម៉ែ នៅក្នុងព្រះរាជពិធីចម្រើនព្រះជន្ម គម្រប់ ៨៣ យាងចូល ៨៤ ព្រះវស្សា នៅព្រឹក ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ ។
សម្តេចតេជោ ហ៊ុន សែន បានសរសេរបង្ហោះក្នុងហ្វេសប៊ុកផ្លូវការថា «នៅក្នុងព្រះរាជពិធីចម្រើនព្រះជន្ម សម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត ព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ គម្រប់ខួប ៨៣ យាងចូល ៨៤ ព្រះវស្សា ទូលព្រះបង្គំជាកូន ចៅ ចៅទួត និង មន្ត្រីរាជការទូទាំងប្រទេស សូមព្រះបរមរាជានុញ្ញាត អភិវន្ទលំឱនកាយវាចាចិត្តក្រាបបង្គំ សម្តែងថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ និងមហាប្រសើរគ្រប់យ៉ាង ចំពោះសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសូមព្រះអង្គទ្រង់ប្រកបដោយ ព្រះកាយពលរឹងមាំខ្លាំងក្លា បញ្ញាញាណភ្លឺថ្លាត្រចះត្រចង់ ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា និងចាកផុតពីព្រះរោគាព្យាធិនានា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំបំផុតសម្រាប់ប្រជារាស្ត្រទូទាំងប្រទេស»។
ព្រះរាជជីវប្រវត្តិសង្ខេបរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ដូចតទៅ៖
សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ទ្រង់ព្រះប្រសូត នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ១៩៣៦។ ក្រោយពេលព្រះប្រសូត្រ ព្រះអង្គទ្រង់មានព្រះនាមដើមថា «ប៉ូមូនិច អ៊ីស៊ី» ជាបុត្រីរបស់លោក ហ្សង់ហ្វ្រង់ ស្វ័រអ៊ីស៊ី ជនជាតិបារាំង មានដើមកំណើត នៅប្រទេសអ៊ីតាលី និងព្រះមាតា មានព្រះនាម ប៉ុមពាង ជាជនជាតិខ្មែរ និងមានព្រះអនុជមួយព្រះអង្គ មានព្រះនាម អានម៉ារីស អ៊ីស៊ី។ ចំណែកព្រះបិតា បានទទួលមរណភាព ក្នុងកំឡុងសង្គ្រាមលោក លើកទី២។
ក្នុងខែមេសា ឆ្នាំ១៩៥២ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះអង្គបានរៀបអភិសេកជាមួយព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះអតីតព្រះមហាវីរក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា (ព្រះបរមរតនកោដ្ឋ)។
ក្រោយអភិសេក ព្រះអង្គទ្រង់ មានព្រះរាជបុត្រា ២ព្រះអង្គ គឺព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាព្រះរាជបុត្រច្បង និងព្រះអង្គម្ចាស់ នរោត្តម នរិន្ទ្រពង្ស ជាព្រះរាជបុត្រពៅ។ ប៉ុន្តែព្រះអនុជ នរោត្តម នរិន្ទ្រពង្ស ទ្រង់បានសោយទិវង្គត កាលពីឆ្នាំ២០០៣ ដោយជំងឺបេះដូង។
ឯកសារបង្ហាញថា កាលពីវ័យកុមារ សម្តេចព្រះមហាក្សត្រី ទ្រង់បានចូលសិក្សានៅសាលាបឋមសិក្សាព្រះនរោត្តម ហើយទ្រង់ បានបន្តការសិក្សា នៅវិទ្យាល័យព្រះស៊ីសុវត្ថិ តែក្រោយមក ព្រះអង្គទ្រង់ ត្រូវបានផ្ទេរទៅសិក្សា នៅវិទ្យាល័យ រ៉ូណេឌីកាត វិញម្ដង ដែលស្ថិតនៅជិតវត្តភ្នំ។
ចំពោះព្រះរាជកិច្ចក្នុងសង្គមវិញនោះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គលព្រះអង្គធ្លាប់ មានព្រះរាជតួនាទី ជាព្រះប្រធានកាកបាទក្រហមកម្ពុជា ចាប់ទសវត្សឆ្នាំ១៩៦០ ដល់ឆ្នាំ១៩៧០។
សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នាពេលបច្ចុប្បន្ន មានព្រះរាជតួនាទី ជាព្រះប្រធានកិត្តិយស នៃកាកបាទក្រហមកម្ពុជា។ ជាមួយគ្នានេះ សម្តេចព្រះមហាក្សត្រី ទ្រង់តែងតែយាងព្រះរាជទានព្រះរាជទ្រព្យផ្ទាល់របស់ព្រះអង្គ និងអំណោយកាកបាទក្រហម របស់សប្បុរសជន ចែកជូនដល់ប្រជានុរាស្ត្រដែលមកពីតាម បណ្តាខេត្តនានា ដែលបានជួបជុំទទួល នៅក្នុងព្រះបរមរាជវាំង និងកន្លែងផ្សេងៗជាច្រើនទៀត និងមានការអមព្រះរាជកិច្ច ដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជានិច្ច៕