ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កម្ពុជានិងថៃ បើកគម្រោងទូទាត់សាច់ប្រាក់ឆ្លងដែន តាមរយៈ QR Code

 

ភ្នំពេញ៖  គ្រឹះស្ថានធំៗនៅកម្ពុជាចំនួន៣ បើកគម្រោងទូទាត់សាច់ប្រាក់តាមរយៈ QR Code រវាងប្រទេសកម្ពុជា និងប្រទេសថៃ ដើម្បីពង្រីកសហប្រតិបត្តិបច្ចេកវិទ្យាហិរញ្ញវត្ថុ  របស់អ្នក ប្រើប្រាស់សាច់ប្រាក់ឆ្លងដែន ជាពិសេសលើកកម្ពស់រូបិយវត្ថុជាតិ ។

លោកស្រី ជា សិរី អគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា បានលើកឡើងក្នុងពិធីផ្សព្វផ្សាយគម្រោង ការទូទាត់តាមរយៈ QR Code រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ ថា គម្រោងការទូទាត់សាច់ប្រាក់តាមរយៈ QR Code រវាងប្រទេសទាំងពីរ មានធនាគារសម្រាប់ធ្វើប្រតិបត្តិការសាច់ប្រាក់ឆ្លងដែនចំនួន៣ គឺធនាគារពាណិជ្ជក្រៅប្រទេស ធនាគារអេស៊ីលីដា និងធនាគារកម្ពុជាពាណិជ្ជ អ្នកដែលប្រើប្រាស់សាច់ប្រាក់ឆ្លងដែនបាន ត្រូវមានគណនីជាលុយរៀល នៅក្នុងធនាគារចំនួន៣ខាងលើ នេះ ។

លោកស្រី បានបន្តទៀតថា  ចំពោះអតិថិជនត្រូវការប្រើប្រាស់សាច់ប្រាក់ឆ្លងដែន ពួកគេនឹងអាចដកលុយរៀល នៅតាមធនាគារពាណិជ្ជក្រៅប្រទេស ធនាគារអេស៊ីលីដា និងធនាគារកម្ពុជាពាណិជ្ជបាន ដោយគិតទូទាត់ទៅតាមអត្រាប្តូរប្រាក់រៀលទៅជាប្រាក់បាត ។

តាមរយៈគម្រោងនេះគឺការផ្តល់លទ្ធភាព សម្របសម្រួលដល់ការប្រើប្រាស់ និងផ្តល់ភាពកាន់តែងាយស្រួលជូនអតិថិជន ជាពិសេសការចូលរួមចំណែកលើកកម្ពស់រូបិយវត្ថុប្រាក់រៀល ហើយ អាចទូទាត់បានយ៉ាងងាយស្រួល ដោយមិនបាច់កាន់សាច់ប្រាក់ឆ្លងដែន ដែលចំណុចខ្ពស់ ក្នុងការផ្តល់សុវត្ថិភាពជូនដល់អ្នកប្រើប្រាស់សាច់ប្រាក់ឆ្លងដែនផងដែរ ។

សូមបញ្ជាក់ថា  ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលប្រទេសថៃ បានចុះហត្ថលេខាលើកអនុស្សារណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងផ្នែកនិវានុវត្តភាពហិរញ្ញវត្ថិ និងប្រព័ន្ធទូរទាត់នៅរាជធានីភ្នំពេញ ក្នុងគោលបំណងពង្រីកសហប្រតិបត្តិការ លើបច្ចេកវិទ្យាហិរញ្ញវត្ថុ ដើម្បីជម្រុញប្រសិទ្ធភាព និងសុវត្ថិភាព នៃការទូរទាត់សាច់ប្រាក់ឆ្លងដែន ។ ខណៈដែលកម្ពុជាកំពុងជម្រុញ និងផ្សព្វផ្សាយនៃការចរាចរប្រើប្រាស់ប្រាក់រៀល ៕