រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាកំពុងតែបោះជំហ៊ានទៅមុខយ៉ាងលឿន ដោយសារតែសំណង់អគារខ្ពស់ៗបានរីកដុះដាលយ៉ាងច្រើននៅរាជធានីភ្នំពេញ ហើយទន្ទឹមនោះក្រុមហ៊ុនវិនិយោគមកពីក្រៅប្រទេសកំពុងតែបន្តដាក់ទុនរាប់លានដុល្លារអាមេរិកអភិវឌ្ឍនូវគម្រោងជាច្រើន។
លោកបណ្ឌិត គីម ហ៊ាង អ្នកជំនាញផ្នែកអចលនទ្រព្យ និងជានាយកក្រុមហ៊ុន Khmer Real Estate បានទទួលស្គាល់ថា នៅឆ្នាំ២០១៩ និងឆ្នាំមុនៗ មានគំនិតខ្វែងគ្នាច្រើនរឿងតម្លៃអចលនទ្រព្យ ដោយសារតែតម្លៃអលនទ្រព្យបានឡើងខ្ពស់ ហើយការលក់ដូរមានការប្រុងប្រយ័ត្ន អ្នកផលិតផ្ទាល់ក៏មានការប្រុងប្រយ័ត្នច្រើនជាងមុនដែរ ប៉ុន្តែសម្រាប់អ្នករកស៊ីបែបប្រយោលវិញតែងតែគិតពីហានិភ័យច្រើន។
ទោះយ៉ាងណា លោកបណ្ដិត គីម ហ៊ាង មានប្រសាសន៍ថា សម្រាប់លោកជាអ្នកជំនាញវិញមើលឃើញពីវិស័យអលនទ្រព្យមិនមានហានិភ័យអ្វីកើតឡើងនោះទេ រយៈពេល ៥ឆ្នាំខាងមុខទៀត ហើយកន្លងមកមានក្រុមហ៊ុនជាច្រើនបានមកវិនិយោគនូវគម្រោងធំៗមួយចំនួននៅកម្ពុជានិងតាមបណ្តាខេត្តសំខាន់ៗជាពិសេស ខេត្តព្រះសីហនុ ក្រុងបាវិត និងខេត្តសៀមរាប។
លោកមានជំនឿថា រយៈពេល១០ឆ្នាំខាងមុខនេះ សេដ្ឋកិច្ចកម្ពុជានឹងរីកលួតលាស់ ដែលនឹងជំរុញឲ្យក្រុមហ៊ុនវិនិយោគពីក្រៅប្រទេសសម្រុកមករកស៊ីនៅកម្ពុជាកាន់តែច្រើន ដោយសារតែសេដ្ឋកិច្ចកម្ពុជាមានកំណើនជាមធ្យម៧% ប្រចាំឆ្នាំនាំឲ្យវិស័យសំណង់បានរីកដុះដាលច្រើនទាំងនៅទីក្រុង និងជាយក្រុងផងដែរ។
លោបណ្ឌិត គីម ហ៊ាង បានពន្យល់ថា«សេដ្ឋកិច្ចកម្ពុជាយើងមានកំណើនល្អ និងមានប្រជាពលរដ្ឋពេញកម្លាំងច្រើន ហើយលក្ខ័ណ្ឌអនុគ្រោះដល់អ្នកវិនិយោគរបស់កម្ពុជាបានបើកចំហរច្រើន ពោល កម្ពុជាជាឋានសួរនៃការបង់ពន្ធ ហើយរដ្ឋាភិបាលមានការយោគយល់នឹងចង់ឲ្យមានអ្នកវិនិយោគច្រើន ដើម្បីបង្កើតការងារឲ្យពលរដ្ឋខ្មែរនៅក្នុងស្រុក»។
លើសពីនេះលក្ខ័ណ្ឌល្អមួយទៀតគឺ កម្ពុជាមានសណ្ឋានដីល្អមិនដូចប្រទេសជិតខាងឡើយ ហើយជាមួយគ្នានោះទឹកប្រាក់វិនិយោគលើវិស័យអចលនទ្រព្យពីដើមមកមានប្រទេសកូរ៉េតាំងពីឆ្នាំ២០០៤ និងឆ្នាំ២០០៨ ហើយគិតពីទឹកប្រាក់ច្រើនខ្លាំងកន្លងមកគឺ កូរ៉េ ប៉ុន្តែធ្លាក់ចុះត្រឹមឆ្នាំ២០០៩ មកវិញ សព្វថ្ងៃនេះមានក្រុមហ៊ុនចម្រុះជាតិសាសន៍មិនត្រឹមតែចិនទេមកវិនិយោគនៅកម្ពុជាកាន់តែច្រើននោះ។
អ្នកជំនាញបានលើកឡើងទៀតថា ក្រោយឆ្នាំ ២០០៩ មកទឹកប្រាក់វិនិយោគច្រើនជាងគេគឺចិនលើវិស័យអចលនទ្រព្យ ប៉ុន្តែទឹកប្រាក់ច្រើនជាងគេមានតែកូរ៉េ ទេ ដូចជាគម្រោង ៤២ជាន់ គម្រោងខេមកូ និងក្រុមហ៊ុនប៊ូយ៉ុងខ្មែរមានទំហំទឹកប្រាក់រាប់លានដុល្លារអាមេរិក ផ្ទុយទៅវិញបានតែដំបូងនោះទេ តែស្ងាត់ទៅវិញរហូតដល់ពេលបច្ចុប្បន្ននេះ។
នៅពេលសួរថា អ្នកវិនិយោគក្នុងស្រុក និងអ្នកជំនាញព្រួយបារម្ភរឿងហានិភ័យវិស័យអចលនទ្រព្យនាពេលខាងមុខនេះ លោកបណ្ឌិត គីម ហ៊ាងបានបកស្រាយថា «ខ្ញុំនៅតែគិតថា ហានិភ័យនៅតែមានវាមិនអត់ទេ តែមានតិចឬច្រើនប៉ុណ្ណោះ» ជាធម្មតាកាលណាមានកំណើនការសាងសង់មានកាន់តែច្រើន សេដ្ឋកិច្ចយើងកាន់តែរឹងមាំ ហើយទាំងអស់គ្នាគួរតែសប្បាយចិត្តវិញ ព្រោះសេដ្ឋកិច្ចខ្មែររឹងមាំខ្លាំងណាស់។
អ្នកជំនាញខាងលើបានលើកជាអនុសាសន៍ថា ពីឥឡូវទៅវិស័យអចលនទ្រព្យនឹងកើនឡើង និងមានភាគរយខ្ពស់ជាងមុន ដែលបុគ្គលមួយចំនួនខ្ចីលុយពីធនាគារគ្មានលុយបង្វឹលជារឿងបុគ្គលទេ ចំពោះវិស័យដីធ្លីនៅរឹងមាំណាស់ ហើយលើសពីនេះអ្វី ដែលរដ្ឋាភិបាលកម្ពុជាបានធ្វើកន្លងមក វាសមល្អឥតខ្ចោះគ្រប់គ្រាន់ហើយដែរ។
លោកបណ្ឌិត គីម ហ៊ាង បានស្នើសុំថា «អ្វីដែលខ្ញុំស្នើសុំនោះគឺ សូមឲ្យមន្រ្តី ក្រោមឱវាទនិងក្រសួងទាំងអស់ធ្វើការងារគោរពវិជ្ជាជីវៈ ហើយទោះជារដ្ឋាភិបាលបានធ្វើល្ល្អយ៉ាងណាក៏ដោយ បើមន្រ្តីក្រោមមិនធ្វើតាមនោះជាបញ្ហា ប៉ុន្តែបើធ្វើបាននោះស្រុកខ្មែរយើង នឹងរីកចម្រើនខ្លាំង ហើយបញ្ហាប្រឈមនឹងលុបបំបាត់លែងមានតែម្តង»។
ជាងចុងក្រោយរាល់បុគ្គលដែលពាក់ព័ន្ធពិសេស អ្នកវិនិយោគលើវិស័យអចលនទ្រព្យត្រូវតែមានការប្រុងប្រយ័ត្នមុន និងទិញឬវិនិយោគវិស័យនេះ សូមពិគ្រោះយោបល់ពីអ្នកជំនាញឲ្យបានច្បាស់ ដើម្បីកុំឲ្យមានហានិភ័យកើតឡើង ហើយខាងសមាគមអ្នកវាយតម្លៃអចលនទ្រព្យនិងក្រុមហ៊ុនអចលនទ្រព្យមានអ្នកជំនាញច្រើនអាចជួយប្រឹក្សាយោបល់ឲ្យ ដូច្នោះសូមឲ្យអ្នកវិនិយោគទាំងអស់ទាំងក្នុង និងក្រៅប្រទេសទទួលបានជោគជ័យ ពិសេសនោះប្រជាជនកម្ពុជាតែម្តង៕