ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេចបវរធិបតី លើកឡើងពីគោលការណ៍សំខាន់ចំនួន ៣ ដែលគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការ​គន្លឹះ ទទួលបន្ទុក​អនុវត្ត​វិធានការ​គន្លឹះរបស់រាជរដ្ឋាភិបាល

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់​ក្រសួង​មុខងារសាធារណៈ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែមីនា ឆ្នាំ២០២៥ ថា​ គោលការណ៍សំខាន់ចំនួន ៣ ដែលគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការ​គន្លឹះ ទទួលបន្ទុក​អនុវត្ត​វិធានការ​គន្លឹះរបស់​រាជរដ្ឋាភិបាល គឺ៖ ១/ ការផ្តល់ជាទម្ងន់ និងសារនយោបាយក្នុងការគាំទ្រ ដោយផ្តោតលើការពង្រឹង​​ ជាជាង​ការពង្រីក, ២/ ការផ្តល់លទ្ធផលលឿន និង៣/ ការទទួលខុសត្រូវ។

សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់បន្ថែមថា ការកែទម្រង់មុខងារសាធារណៈ ពិសេស​ករណី​ស្រពិចស្រពិលនៃការវិភាគ​មុខងារ, និងក្របខណ្ឌនៃការជំរុញការអនុវត្តវិធានការគន្លឹះក្នុងការ​កែ​ទម្រង់រដ្ឋបាលសាធារណៈ​, រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការគន្លឹះចំនួន ៣ គឺ៖ ១/ ការ​ដាក់​​ឱ្យ​អនុវត្តប្រព័ន្ធជ្រើសរើសមន្ត្រីចូលបម្រើការងារ ប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាប័ន្ន និងប្រសិទ្ធភាព, ២/ ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន​ដើម្បីលើក​កម្ពស់​គុណ​ភាព​ការងារ ប្រកប​ដោយវិន័យ សីលធម៌ និងវិជ្ជាជីវៈ, ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព និង ៣/ ការដាក់​ឱ្យអនុវត្តប្រព័ន្ធលើកទឹកចិត្តសមិទ្ធកម្ម ប្រកបដោយសង្គតិភាព សមធម៌ ប្រសិទ្ធភាព និងចីរភាព។

ចំពោះវិធានគន្លឹះទី១ ស្តីពីការ​ដាក់​​ឱ្យ​អនុវត្តប្រព័ន្ធជ្រើសរើសមន្ត្រីចូលបម្រើការងារប្រកបដោយគុណាធិប​តេយ្យ តម្លាភាព យុត្តិធម៌ បរិយាប័ន្ន និងប្រសិទ្ធភាព, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានពន្យល់​ច្បាស់ថា ជាពិសោធន៍ក្នុងការតាមដានគុណផលនៃការជ្រើសរើស តាមរយៈការប្រឡង គឺត្រូវពិនិត្យតាម​ដំណាក់កាលនីមួយៗ​ ដូចជា​៖ ១/ តើមានការលេចចេញវិញ្ញាសារប្រឡងឬទេ?, ២/ តើមានព្រឹត្តិការណ៍អ្វីកើត​ឡើង​ក្នុងអំឡុងពេលប្រឡងឬទេ? និង ៣/ តើមានប្រតិកម្មអ្វីខ្លះ ក្រោយការប្រឡងបានបញ្ចប់? ជាលទ្ធផល និងគោល​បំណងដែលយើងចង់បាន គឺភាពយុត្តិធម៌ និងការជឿទុកចិត្ត។ ដូចនេះ, ចំពោះភាពជោគជ័យដែល​សម្រេចបាន, សម្តេចបវរធិបតី បានសម្តែងការអរគុណ​ដល់​ក្រសួងមុខងារ​សាធារណៈ ជាពិសេស​សាមីខ្លួន ដែលជាបេក្ខជនប្រលង​ ដែលបានជឿជាក់ និង​​ មកចូលរួមប្រឡង និងអាណា​ព្យាបាល​ដែលបាន​ជឿជាក់ និង ជំរុញកូនចៅរបស់ខ្លួនមកចូលរួមប្រឡង ដោយឈរលើ គោលការណ៍ “ការផ្តល់ឱកាសស្មើគ្នា ដើម្បីគ្រប់គ្នា និងជឿទុកចិត្ត”។

សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមអំពីវិធានការគន្លឹះទី២​ គឺការពង្រឹង​សមត្ថភាព និងសមិទ្ធកម្មស្ថាប័ន​ដើម្បីលើក​កម្ពស់​គុណ​ភាព​ការងារ ប្រកប​ដោយវិន័យ សីលធម៌ និងវិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ដោយត្រូវធានាប្រសិទ្ធភាពក្នុងការបម្រើប្រជាពលរដ្ឋ។ អ្វីដែលរាជរដ្ឋាភិបាលធ្វើការកែទម្រង់ គឺមិនមែនត្រឹមតែកិច្ចការរដ្ឋបាលប៉ុណ្ណោះទេ តែត្រូវធ្វើការកែទម្រង់​ ទាំងឯកសារ, មនុស្ស និងរបៀបរបបនៃការដឹកនាំគ្រប់គ្រង​ ដោយឈរលើអភិក្រម៖ “ការពង្រឹងជាជាងពង្រីក និងការរៀបចំផ្ទះឱ្យរៀបរយ”។ ជាលទ្ធផលសម្រេចបានក្នុងការអនុវត្តការកែទម្រង់កន្លងមក គឺធានាបានចំពោះវិស័យមួយចំនួនដែលគ្រោងស្នើពង្រឹង មិនមានការ​ពង្រីក​រចនាសម្ព័ន្ធ, ប្រើប្រាស់អភិក្រមពង្រឹងដោយមិនពង្រីក, ថែរក្សា និងកែសម្រួលតាមការចាំ​បាច់ ហើយត្រូវមានការចូលរួមទាំងអស់គ្នា ជាមួយនឹងការលះបង់ខ្ពស់។

សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់អំពីវិធានការគន្លឹះទី៣​​ គឺការដាក់​ឱ្យអនុវត្ត​ប្រព័ន្ធលើកទឹកចិត្តសមិទ្ធកម្ម ប្រកបដោយសង្គតិភាព សមធម៌ ប្រសិទ្ធភាព និងចីរភាព, ការជំរុញ និងរៀបចំមេដាយសម្រាប់មន្ត្រីទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមទាំង​មន្ត្រីជាប់កិច្ចសន្យា ដោយត្រូវធ្វើឱ្យសុក្រឹត្យ សម្រាប់មន្ត្រីដែលសកម្ម មានស្នាដៃ និងធ្វើការជាប់ជាប្រចាំ ដោយ​បាន​ណែនាំឱ្យក្រុមការងារចំពោះកិច្ច ទទួលបន្ទុកអនុវត្ត និងរៀបចំមេដាយជូនមន្ត្រី​ដែលបាន​ធ្វើការចាប់ពី ១០ឆ្នាំ​ឡើងទៅ និង​​ ​មិនដែលទទួលបាន​មេដាយសោះ នៅក្របខណ្ឌទូទាំងប្រទេស ។​ ក្រុមការងារ​ចំពោះកិច្ចនេះ គឺត្រូវរៀបចំធ្វើតែចំពោះករណីលើកទី១ប៉ុណ្ណោះ, ដោយបន្ទាប់មក​ គឺត្រូវជូនសិទ្ធិទៅរដ្ឋបាល​ថ្នាក់​ក្រោមជាតិ និងថ្នាក់ក្រសួងស្ថាប័ន ជាអ្នក​រៀបចំ ឬស្នើតាមក្របខណ្ឌដែលមានស្រាប់៕ ដោយ៖ កន ចំណាន