ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឯកឧត្តម​ គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ អញ្ជេីញចូលរួមពិធីសម្ពោធកម្មវិធី​ ស៊េរីពិព័រណ៍កម្ពុជា​ឆ្នាំ២០២៦

ភ្នំពេញ៖ ឯកឧត្តម​ គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជេីញចូលរួមពិធីសម្ពោធកម្មវិធី​ ស៊េរីពិព័រណ៍កម្ពុជា​ឆ្នាំ២០២៦ (Cambodia Expo Series 2026) ក្រោមអធិបតីភាព​ ឯកឧត្តម​ នរ៉ា​ណាឬទ្ធិ​ អានន្ទដាយ៉ាត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី​ និងឯកឧត្តម សំ​ហេង បូរ៉ា​ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​​ ក្នុងគោលបំណងប្រមូលផ្តុំប្រភពផ្គត់ផ្គង់​ និងការផ្គូផ្គង់ធុរកិច្ច គ្របដណ្តប់លើវិស័យសំខាន់ៗដូចជា៖ កសិកម្ម បសុសត្វ វារីវប្បកម្ម អាហារនិងភេសជ្ជៈ សុខាភិបាល ឱសថ សម្រស់ គ្រឿងបរិក្ខារ និងសត្វចិញ្ចឹម។
ថ្លែងទៅកាន់អង្គពិធី​ ឯកឧត្តម​ គី​ ច័ន្ទរំដួល​ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ​ និងបានពាំនាំនូវការសួរសុខទុក្ខពីសំណាក់​ ឯកឧត្តមរដ្ឋមន្ត្រី​ ឌិត​ ទីណា​ ព្រមទាំងបានលេីកឡេីងពីគោលនយោបាយអាទិភាពទី៥​ និងទី៦​ ក្នុងការរក្សាលំនឹងថ្លៃកសិផល​ ការដាក់ពង្រាយមន្រ្តីកសិកម្មឃុំ​ និងការកសាងសហគមន៍កសិកម្មទំនេីប​ ដែលជាត្រីវិស័យមួយដេីម្បីសម្រេចឱ្យប្រជាពលរដ្ឋ​ “មានហូប​ មានប្រេី​ មានបាន​ និងមានរហូត”​ ពោលគឺធានាបានទាំងស្រុងនូវសន្តិសុខស្បៀង​ និងនិរន្តរសេដ្ឋកិច្ច​ និងបរិស្ថាន។
ឯកឧត្តម​ គី​ ច័ន្ទរំដួល​ បានបន្ថែមថាក្រោមការដឹកនាំប្រកបដោយគិតបណ្ឌិត​ និងចក្ខុវិស័យវែងឆ្ងាយ​របស់​ សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្រ្តី​ ចាត់ទុកវិស័យកសិកម្ម​ ជាសសរស្តម្ភយុទ្ធសាស្រ្ត​ស្នូលមួយដែលមិនអាចខ្វះបាន​ ហេីយសហគមន៍កសិកម្មទំនេីប​ បានដេីរតួនាទីសំខាន់ដេីម្បីជំរុញឱ្យប្រជាពលរដ្ឋបង្កេីនប្រាក់ចំណូល​ មានសេដ្ឋកិច្ចមាត្រដ្ឋាន​និងប្រសិទ្ធភាពសេដ្ឋកិច្ច​ ធានាបានទាំងគុណភាពនិងបរិមាណ​ ក្នុងគោលដៅតភ្ជាប់ទៅកាន់ទីផ្សារ​ មានទុន​គ្រប់គ្រាន់ បច្ចេកទេស​ និងមានប្រព័ន្ធគ្រប់គ្រងច្បាស់លាស់។
ជាទីបញ្ចប់​ ឯកឧត្តម​ គី​ ច័ន្ទរំដួល​ បានសង្កត់ធ្ងន់ថា​ “ពេលវេលានេះ​ គឺជាឱកាសដ៏ស័ក្តិសមបំផុត​ ក្នុងការបណ្តាក់ទុននៅកម្ពុជា”​ និងលេីកទឹកចិត្តដល់វិនិយោគិនក្នុងស្រុក​ និងបរទេសបង្កេីនការវិនិយោគ​ ជាមួយនឹងកសិផលសក្កានុពលជាច្រេីនប្រភេទ​ និងច្បាប់ស្តីពីការវិនិយោគថ្មី​ ដែលផ្តល់នូវការលេីកទឹកចិត្តជាអតិបរមា​ ភាពបត់បែន​ និងធានាបាននូវបរិយាកាសធុរកិច្ចប្រកបដោយតម្លាភាព៕