លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រ សិល្បៈ រួមជាមួយឯកឧត្ដម Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួង ឃោសនា ការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន កាលពីរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ បាន អញ្ជើញចូលរួមក្នុងពិធីសម្ពោធបើកសប្តាហ៍ភាពយន្តនៅកម្ពុជានាសាល សន្និសីទ ចតុម្មុខ។ ព្រឹត្តិការណ៍នេះស្របពេលនឹង ការអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈ ពេលពីរថ្ងៃនៅកម្ពុជារបស់លោក ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋ ប្រជាមានិតចិន ពីថ្ងៃទី១៧ និង១៨ ខែមេសា ផងដែរ។
សប្ដាហ៍ភាពយន្តចិននៅកម្ពុជា សហការរៀបចំដោយរដ្ឋបាលភាពយន្ត ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា គណៈកម្មការរៀបចំមហោស្រពភាព យន្តកម្ពុជាអាស៊ី និងបណ្ណសាភាពយន្តចិន ។
ក្នុងឱកាសនោះលោកជំទាវ ភឿង សកុណាបានថ្លែងថា កម្ពុជា និងចិន មានទំនាក់ទំនងជាប្រពៃណីដែលបានចាប់ផ្ដើមរាប់ពាន់ឆ្នាំមកហើយ ហើយក៏មានវប្បធម៌អរិយធម៌ដ៏ចំណាស់និងអស្ចារ្យរៀងៗខ្លួនផងដែរ។ ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ បានឈានដល់កម្រិតដ៏សំខាន់ មួយគឺ“សហគមន៍ជោគវាសនារួមគ្នាកម្ពុជា-ចិន” ។ បន្ថែមលើនេះ កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្ដពង្រឹងនិងផ្ដល់អាទិភាពខ្ពស់លើទំនាក់ ទំនងកម្ពុជា-ចិន ដែលបានឈានដល់កម្រិតខ្ពស់ថ្មីមួយទៀតគឺ «កិច្ចសហ ប្រតិបត្តិការត្បូងពេជ្រ» ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាព។ ក្រោមគំនិតផ្តួចផ្តើមនៃយុទ្ធសាស្រ្តខ្សែក្រវាត់ និងផ្លូវ ប្រទេសយើងទាំងពីរ បានប្តេជ្ញាបន្តពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ ក្នុងនោះវិស័យ វប្បធម៌ក៏ត្រូវបានលើកកម្ពស់ ពិសេសការតភ្ជាប់រវាងប្រជាជន និងប្រជាជន។
គួរបញ្ជាក់ជូនថា ព្រឹត្តិការណ៍សប្ដាហ៍ភាពយន្តចិននៅកម្ពុជា នឹងប្រារព្វរយៈ ពេល៥ថ្ងៃ ដោយមានការចាក់បញ្ចាំងភាពយន្តល្បីៗ ចំនួន៥ ចំណងជើង នៅរោងភាពយន្តឡេជេន អូឡាំព្យាម៉ល ជូនទស្សនាដោយសេរី។
សូមជម្រាបដែរថា កាលពីថ្ងៃទី១៧ ខែមេសា ដូចគ្នានេះដែរ ក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា សហការជាមួយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍ មជ្ឈិមចិន,ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា, ក្រសួងទេសចរណ៍កម្ពុជា និងរាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំពិធីសម្ពោធការចាក់ផ្សាយកម្មវិធី «ប្រយោគបុរាណចិន ដែល ឯកឧត្តម Xi Jinping ចូលចិត្ត» សណ្ឋាគារ Raffles Hotel Le Royal រាជធានីភ្នំពេញ៕