ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញប្រកាសបើកជាផ្លូវការនៃសិក្ខាសាលាស្តីពីការលើកកម្ពស់ហិរញ្ញប្បទានបៃតង និងចីរភាព មាគ៌ា និងកាលានុវត្តភាពសម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុ

ភ្នំពេញ៖ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ARDB នៅថ្ងៃទី១៨ខែមេសាឆ្នាំ២០២៥នេះ បានអញ្ជើញប្រកាសបើកសិក្ខាសាលាស្តីអំពីការលើកកម្ពស់ហិរញ្ញប្បទានបៃតង និងចីរភាព មាគ៌ា និងកាលានុវត្តភាពសម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុដែលរៀបចំឡើងនៅទីស្នាក់ការកណ្តាលរបស់ធនាគារ ARDB ស្ថិតនៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ។
កម្មវិធីនេះមានការអញ្ជើញចូលរួមពីលោកបណ្ឌិត Prasun Kumar Das អគ្គលេខាធិការ សមាគមឥណទានជនបទ និងកសិកម្ម អាស៊ីប៉ាស៊ីហ្វិក (APRACA) ភ្ញៀវជាតិ អន្តរជាតិ ដៃគូរពាក់ព័ន្ធក្នុងវិស័យធនាគារ មន្រ្តីជំនាញមកពីក្រសួងបរិស្ថាន សហព័ន្ធស្រូវអង្ករកម្ពុជា និងក្រុមហ៊ុននាំចេញអង្ករ ព្រមទាំងមន្រ្តីជំនាញនៃធនាគារ ARDB ដែលមានអ្នកចូលរួមសរុបប្រមាណ ១០០នាក់។
ឯកឧត្តមបណ្ឌិត កៅ ថាច បានថ្លែងបន្ថែមថា ការពិភាក្សាសិក្ខាសាលាថ្ងៃនេះនឹងនាំទៅរកកិច្ចសហការប្រកបដោយអត្ថន័យ និងលទ្ធផលដែលអាចអនុវត្តបាននឹងជំរុញហិរញ្ញវត្ថុបៃតងឆ្ពោះទៅមុខហើយសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកបណ្ឌិត Prasun Kumar Das អគ្គលេខាធិការ APRACA គណៈកម្មាការ និងវាគ្មិនកិត្តិយស ភ្ញៀវជាតិ និងអន្តរជាតិ អ្នកចូលរួមទាំងអស់ដែលបានលះបង់ពេលវេលាដ៏មានតម្លៃសម្រាប់សិក្ខាសាលាថ្ងៃនេះផងដែរ។
ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានរំលឹកថា អនុស្សរណៈ នៃការយោគយល់គ្នារវាង ARDB និង APRACA ជាមជ្ឈមណ្ឌលមួយដែលឧទ្ទិសដល់ហិរញ្ញវត្ថុបៃតង និងអាកាសធាតុសម្រាប់វិស័យកសិកម្មនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ជាពិសេស ធនាគារ ARDB និងACE-GFA ស្វែងរកការជំរុញការស្រាវជ្រាវ សម្របសម្រួលការផ្លាស់ប្តូរចំណេះដឹង ផ្តល់ការបណ្តុះបណ្តាល ជំរុញការសន្ទនាគោលនយោបាយ ការធ្វើតេស្តសាកល្បងនៃការច្នៃប្រឌិត និងផ្តល់សេវាកម្ម ការប្រឹក្សាយោបល់ ដើម្បីពង្រឹងហិរញ្ញវត្ថុបៃតងប្រកបដោយនិរន្តរភាពនៅក្នុងវិស័យកសិកម្ម។
លើសពីនេះ ឯកឧត្តមបណ្ឌិត កៅ ថាច នៅតែចាត់ទុកថា ផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុកំពុងកើតឡើងរួចហើយនៅទូទាំងពិភពលោក ប៉ុន្តែវិស័យកសិកម្ម ជាពិសេស ក្នុងប្រទេសកំពុងអភិវឌ្ឍន៍ មានភាពងាយរងគ្រោះជាពិសេសផងដែរ។ ក្នុងនោះបញ្ហាអាកាសធាតុមិនអាចទាយទុកជាមុនបាន គ្រោះរាំងស្ងួតយូរ និងទឹកជំនន់ខ្លាំង ការគំរាមកំហែងដល់សន្តិសុខស្បៀងរំខានដល់ជីវភាពរស់នៅ និងធ្វើឱ្យភាពក្រីក្រកាន់តែធ្ងន់ធ្ងរនៅក្នុងតំបន់ជនបទ។
ទន្ទឹមនោះ ដើម្បីផ្តល់សិទ្ធិអំណាចដល់ស្ថាប័នហិរញ្ញវត្ថុទាំងក្នុងស្រុក និងអន្តរជាតិ ក្នុងការរួមចំណែកយ៉ាងសកម្ម និងមានប្រសិទ្ធភាពក្នុងការជំរុញការផ្លាស់ប្តូរនេះ ធនាគារ ARDBនិង ACE-GFA បានផ្តួចផ្តើមសិក្ខាសាលាថ្ងៃនេះសម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុ។
សម្រាប់ លោកបណ្ឌិត Prasun Kumar Das អគ្គលេខាធិការ APRACA ក៏បានបង្ហាញពីហិរញ្ញវត្ថុបៃតង និងនិរន្តរភាព បញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុ ដែលបញ្ជាក់ពីការវិនិយោគបៃតងក៏ដូចជាឱកាសសម្រាប់ស្ថាប័នហិរញ្ញវត្ថុ រួមទាំងបទពិសោធន៍ពីគ្រឹះស្ថានហិរញ្ញវត្ថុអាកាសធាតុកម្ពុជា (CCFF) ក្រោមមូលនិធិអាកាសធាតុបៃតង (GCF) ។
បន្ទាប់មកសិក្ខាសាលាក៏មានការពិភាក្សាជាក្រុមដែលអ្នកជំនាញចូលរួមក្នុងកិច្ចសន្ទនាលើប្រធានបទសំខាន់ៗទាំងនេះ ដោយផ្តោតលើដំណោះស្រាយជាក់ស្តែង យុទ្ធសាស្ត្រ និងឱកាសសម្រាប់ការជំរុញហិរញ្ញវត្ថុបៃតង និងនិរន្តរភាពនៅក្នុងតំបន់។
ក្នុងនោះមានបទបង្ហាញលើប្រធានបទទី១”ក្របខ័ណ្ឌគំនិតនៃហិរញ្ញវត្ថុបៃតងដល់វិស័យកសិកម្ម” ដោយបណ្ឌិត Prasun Kumar Das អគ្គលេខាធិការ APRACA ,បទបង្ហាញលើប្រធានបទទី ២ “យុទ្ធសាស្ត្រជាតិសម្រាប់ការជំរុញគំនិតផ្តួចផ្តើមហិរញ្ញវត្ថុបៃតង” ដោយលោក អ៊ុង សឿន អ្នកឯកទេសហិរញ្ញវត្ថុអាកាសធាតុនៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ត្រក្រសួងបរិស្ថាន,បទបង្ហាញលើប្រធានបទទី៣”គោលនយោបាយលើកកម្ពស់ការផ្លាស់ប្តូរហិរញ្ញវត្ថុបៃតងក្នុងវិស័យកសិកម្ម” ដោយលោក ថៃ ហ្សឺឌី ប្រធាននាយកដ្ឋានហិរញ្ញវត្ថុបៃតងនៃធនាគារ ARDB។
សម្រាប់បទបង្ហាញលើប្រធានបទទី៤ គឺ បញ្ហាប្រឈមនិងឱកាសសម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុ ក្នុងការជំរុញការអនុវត្តហិរញ្ញវត្ថុបៃតង ដោយលោក សឿង ផន ប្រធានផ្នែកឥណទាន និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងឥណទានធនាគារអេស៊ីលីដា និងបទបង្ហាញលើប្រធានបទទី៥ “ការអនុវត្តល្អបំផុត៖ Cambodia Climate Finance Facility (CCFF) ក្រោមមូលនិធិអាកាសធាតុបៃតង (GCF)” ដោយកញ្ញា ជួន មុនីរ័ត្ន (ម៉ូណា) អ្នកគ្រប់គ្រងផ្នែកហិរញ្ញវត្ថុអាកាសធាតុនិងយុទ្ធសាស្ត្រមេគង្គផងដែរ។