សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការចូលជាសមាជិកអាស៊ាន គឺជាជម្រើសការទូតជាប្រវត្តិសាស្ត្រដែលសំខាន់បំផុតមួយរបស់កម្ពុជា ដែលមានឥទ្ធិពលយ៉ាងខ្លាំងក្លាលើថាមភាព និងវិសាលភាពការទូតរបស់កម្ពុជា។ សម្តេចតេជោលើកឡើងថា នេះគឺជាការសម្រេចចិត្តជាយុទ្ធសាស្ត្រ និងជាប្រវត្តិសាស្ត្រដ៏ត្រឹមត្រូវបំផុតមួយរបស់កម្ពុជា ដែល មានវិសាលភាពធំទូលាយ មិនត្រឹមតែទៅលើ ទិដ្ឋភាពនយោបាយការទូត សេដ្ឋកិច្ច និង វប្បធម៌នោះទេ តែថែមទាំងលើទិដ្ឋភាពអភិបាលកិច្ចរដ្ឋផងដែរ ។
ក្នុងបាឋកថា ក្រោមប្រធានបទ កម្ពុជា និងអាស៊ាន,អាស៊ាន និងពិភពលោក នៅទីក្រុងហ្សាកាតា សាធារណរដ្ឋឥណ្ឌូណេស៊ី កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងរម្លឹកថា មុននឹងមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស នៅឆ្នាំ១៩៩១ អាស៊ាន គឺជាតួអង្គនាំមុខ ជួយត្រួសត្រាយផ្លូវឱ្យមានការចរចារវាងភាគីទាំង ៤ របស់កម្ពុជា។ សម្តេចតេជោបន្តថា ក្រោយពេលដែល យើងបានរៀបចំរាជរដ្ឋាភិបាល នៅក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ យើងក៏ចាប់ផ្តើម មានទំនាក់ទំនងការទូត ពេញមុខ ពេញមាត់ ជាមួយនឹងបណ្តាប្រទេសអាស៊ានឡើងវិញ ហើយសម្ដេច ក៏បានសម្លឹងឃើញឱកាសជាច្រើន និងភាពចាំបាច់ជាយុទ្ធសាស្ត្រ ដែលកម្ពុជាត្រូវខិតខំចូលជាសមាជិកអាស៊ានឱ្យបាន។ ក្រោមការដឹកនាំរបស់សម្ដេច កម្ពុជាចូលជាសមាជិក នៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ១៩៩៩ បានន័យថា នៅចុងខែមេសាកន្លងមក គឺជាខួបទី ២៦ ឆ្នាំនៃការ ចូលជាសមាជិកអាស៊ានរបស់កម្ពុជា។ សម្តេចតេជោអះអាងថា ដូច្នេះ អាស៊ានពិតជាមានទីតាំងពិសេសនៅក្នុងបេះដូង និង ការចងចាំរបស់សម្ដេច ។ មានមូលហេតុ សំខាន់ ៤ ដែលសម្ដេចគិតថា កម្ពុជាត្រូវតែចូលអាស៊ានឱ្យបានហើយកត្តាទាំងនេះ នៅតែមានសារ សំខាន់ដដែល ទោះបីជានៅក្រោយពេលជិត៣០ឆ្នាំ នៃការសម្រេចចិត្តក៏ដោយ។ សម្ដេចតេជោប្រធានព្រឹទ្ធសភា លើកពីមូលហេតុទាំង ៤ ដែលកម្ពុជាសម្រេចចិត្តចូលអាស៊ាននោះ គឺ ទី១. គោលការណ៍មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសសមាជិក។ ទី២. ស្មារតីសហគមន៍។ ទី៣. ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តាមរយៈការជំរុញសមាហរណកម្ម និងទី៤. ច្រកទ្វារកាលានុវត្តភាពការទូតរបស់កម្ពុជា។
សម្ដេចតេជោបានគូសរំលេចទៀតថា កម្ពុជាពិតជាបានជំពាក់គុណអាស៊ាន។ យើងចងចាំមិនភ្លេចទេថា ការកសាងសន្តិភាពរបស់កម្ពុជា មានចំណែកដ៏ធំមួយរបស់អាស៊ាន ទោះបីជាពេលនោះកម្ពុជាមិនទាន់ក្លាយជាសមាជិកអាស៊ានក៏ដោយ។មេរៀនប្រវត្តិសាស្ត្រនេះ នៅតែមានតម្លៃមកទល់បច្ចុប្បន្ន នៅត្រង់ចំណុចថា បើទោះបីជា អាស៊ាន ចាត់ទុករដ្ឋាភិបាលណាមួយមិនស្របច្បាប់ក៏ដោយ, ដើម្បីសន្តិសុខ សន្តិភាព និង ស្ថិរភាពរួម, អាស៊ាននៅតែបន្តជំរុញការចរចា ទាំងផ្លូវការ និង មិនផ្លូវការ, ទាំងបើកចំហ និង សម្ងាត់ ដើម្បីផល ប្រយោជន៍ធំដែលមិនអាចតថ្លៃបាន នោះគឺសន្តិភាពសម្រាប់តំបន់ទាំងមូល ។ សម្តេចតេជោបន្ថែមថា អាស៊ាន គ្មានការអល់អែក ឬ ខ្លាចបាត់បង់កិត្តិយស ដោយសារថា បានទាក់ទងជាមួយប្រទេសកុម្មុយនីស្ត ឬ ប្រទេសមិនមានឯករាជ្យពេញលេញនោះទេ ព្រោះសន្តិភាពសម្រាប់តំបន់ទាំងមូលមានសារៈសំខាន់ ជាងភាពត្រឹមត្រូវផ្នែកមនោគមវិជ្ជា ដែលអរូបីទៅទៀត ។ ប្រជាជនគឺរស់នឹងសន្តិភាព៕ ដោយ៖ AKP ជឹម ណារី