ក្នុងឆ្នាំ២០២៥នេះ កម្មវិធីស្រូវសរីរាង្គមិត្តភាពសង្គ្រោះសត្វព្រៃ ក្នុងដែនជម្រកសត្វព្រៃលំផាត់ បានពង្រីកចំនួន២ភូមិទៀត ដែលទាំងនេះគឺជាកម្មវិធីផលិតផលស្រូវគ្មានជាតិគីមី អភិរក្សព្រៃឈើ និងការពារសត្វព្រៃ។
បើយោងតាមអង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia) បានឱ្យដឹងនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ថា គិតរហូតមកដល់នេះមានភូមិចំនួន០៦ (ដែលជាភូមិគោលដៅរបស់គម្រោងរេដបូកដែនជម្រកសត្វព្រៃលំផាត់) បាន និងកំពុងអនុវត្តកម្មវិធីស្រូវមិត្តភាពសង្គ្រោះសត្វព្រៃនេះ។ ភូមិទាំងនេះមានដូចជា ភូមិស្រែឈូក ឃុំជ័យឧត្តម ស្រុកលំផាត់ និងភូមិស្រែពកតូច ឃុំសិរីមង្គល ស្រុកកូនមុំ ខេត្តរតនគិរីក្រោមការគាំទ្រពីអង្គការអុកស្វាមកម្ពុជា និងគម្រោងរេដបូកដែនជម្រកសត្វព្រៃលំផាត់។ គួរបញ្ជាក់ថាកម្មវិធីស្រូវសរីរាង្គមិត្តភាពសង្គ្រោះសត្វព្រៃបានជួយកសិករឱ្យបង្កើនចំណូលតាមរយៈការលក់ស្រូវសរីរាង្គដែលមានតម្លៃខ្ពស់ជាងទីផ្សារ និងផលិតភាពស្រូវមានការកើនឡើងជារៀងរាល់ឆ្នាំ។
ក្រៅពីចំណូលកើនឡើងកសិករបាន និងកំពុងផលិតស្រូវដែលមាននិរន្តរភាព សុវត្ថិភាពសម្រាប់ខ្លួនឯង និងអ្នកបរិភោគ។ លើសពីនេះកសិករក៏បានចូលរួមក្នុងការការពារ និងអភិរក្សធនធានធម្មជាតិនៅក្នុងសហគមន៍របស់ពួកគេ ដែលជាប្រយោជន៍សម្រាប់មនុស្សជាតិ និងភពផែនដីផងដែរ៕ ដោយ៖ AKP ដេប៉ូ