ថ្ងៃនេះ ខ្ញុំនិងភរិយាមានសេចក្តីសោមនស្សរីករាយខ្លាំងណាស់ ដែលបានមកចូលរួមនៅក្នុងពិធីបុណ្យសមុទ្រលើកទី៧ នៅខេត្តកោះកុងដែលជាខេត្តបៃតងមានឆ្នេរស្អាត ទឹកសមុទ្រខៀវស្រងាត់ ដែលបានជាប់ជាសមាជិកក្លឹបឆ្នេរស្អាតពិភពលោកទៀតផង។
អ្វីដែលយើងសម្រេចបាននេះ គឺដោយសារមានការចូលរួមពីយើងទាំងអស់គ្នា។ ដូច្នេះ យើងត្រូវតែបន្តចូលរួមថែរក្សាព្រៃធម្មជាតិនិងព្រៃកោងកាងនៅតាមតំបន់ឆ្នេរអោយបានល្អ និងចូលរួមថែរក្សាការពារបរិស្ថានអោយបានស្អាតល្អ។
ទន្ទឹមនឹងនេះដែរ គឺយើងត្រូវកសាងហេដ្ឋារចនាសម្ព័ន្ឋឆ្លងកាត់តំបន់ឆ្នេរអោយបានច្រើនថែមទៀត ដើម្បីសម្រួលដល់ការធ្វើដំណើរ និងទាក់ទាញទេសចរណ៍ទាំងក្នុងនិងក្រៅប្រទេស។ យើងសង្ឃឹមថា ឆ្នេរសមុទ្រកម្ពុជានឹងបន្តជាប់ឈ្មោះនៅក្នុងក្លឹបអន្តរជាតិជារៀងរហូត។
សូមបងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរសមត្ថកិច្ចចូលរួមថែរក្សាការពារសុវត្ថិភាពភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ហើយសូមចូលរួមថែរក្សាសន្តិភាពអោយបានគង់វង្សល្អ ដើម្បីប្រទេសជាតិយើងកាន់តែរីកចម្រើនទៅមុខ។
ខ្ញុំនិងភរិយាសូមជូនពរបងប្អូនជនរួមជាតិបានសប្បាយរីករាយនៅក្នុងពិធីបុណ្យសមុទ្រនារាត្រីយប់នេះ និងនៅថ្ងៃស្អែកជាបន្តទៀត៕