នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានណែនាំដល់បងប្អូន ដែលជាសមាជិក បណ្តាញសង្គមតេលេក្រាម សមាគមអតីតយុទ្ធជនកម្ពុជាទាំងអស់ ប្រាប់ដល់ជនស៊ីវិល ឬជាសាច់ញាតិ ឲ្យភ្ជាប់ជាមួយបណ្តាញសង្គមនេះ ឱ្យកាន់តែច្រើន ដើម្បីឈ្វេងយល់អំពីព័ត៌មានអតីតយុទ្ធជន ឬនិវត្តជនកម្ពុជាបន្ថែមទៀត។
តាមរយៈសារសំឡេង ដែលផ្សាយក្នុងឆាណែលតេលេក្រាមសមាគមអតីតយុទ្ធជនកម្ពុជា សម្តេច តេជោ ហ៊ុន សែន បានលើកឡើងថា ដើម្បីងាយស្រួលទទួលបានព័ត៌មាន ស្តីពីអតីតយុទ្ធជនបងប្អូនជាសមាជិកក្នុងគ្រុបទាំងអស់គប្បីជួយណែនាំ និងប្រាប់បន្តដល់អ្នកផ្សេងៗទៀតឲ្យចុចចូលនៅក្នុងឆាណែលនេះ ខណៈនាពេលខាងមុខនេះរាជរដ្ឋាភិបាលនឹងបញ្ចូលនិវត្តជនមកបន្ថែមទៀត ដូច្នេះសូមឲ្យបងប្អូន ដែលបានភ្ជាប់ឆាណែលនេះហើយនោះគួរប្រាប់ដល់អ្នកដទៃទៀត ដើម្បីឲ្យពួកគាត់បានភ្ជាប់ជាមួយឆា ណែលតេលេក្រាមនេះ៕ ដោយ៖ កន ចំណាន