ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ណែនាំឱ្យភាគីពាក់ព័ន្ធ ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ ប្រកបដោយតម្លាភាព និងបង្កើនភាពជឿជាក់នៃការនាំចេញអង្ករទៅក្នុងទីផ្សារជាតិ និងអន្តរជាតិ

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានផ្ដល់នូវអនុសាសន៍គន្លឹះមួយចំនួនដល់សហព័ន្ធស្រូវអង្ករកម្ពុជា​ ក្រុមហ៊ុននាំចេញ និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីចូលរួមលើកកម្ពស់វិស័យស្រូវអង្ករកម្ពុជា​ឱ្យកាន់តែមានភាពរីកចម្រើន។

ក្នុងពិធីបើកកម្មវិធីខួប ១០ឆ្នាំ នៃការបង្កើត​សហព័ន្ធ​ស្រូវអង្ករកម្ពុជា នារសៀលថ្ងៃចន្ទ ទី១៦ ខែមិថុនា ឆ្នាំ២០២៥ នៅ The Premier Center Sen Sok លោកជំទាវ ចម និម្មល បានស្នើឱ្យភាគីពាក់ព័ន្ធ៖

១. ត្រូវពិនិត្យលទ្ធភាព ទាក់ទាញវិនិយោគិនបន្ថែមទៀត មកចូលរួមបណ្តាក់ទុនក្នុងផលិតកម្ម និងលើកកម្ពស់តម្លៃបន្ថែមលើគុណភាពខ្សែច្រវាក់ផលិតកម្មអង្ករ ដើម្បីបម្រើការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងឈានទៅបង្កើនឧត្តមភាពប្រកួតប្រជែង របស់កម្ពុជាក្នុងពាណិជ្ជកម្ម អន្តរជាតិ។

២. ចូលរួមប្រតិបត្តិការជំនួញ-ធុរកិច្ចស្របតាមច្បាប់ជាធរមាន ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ ប្រកបដោយតម្លាភាព ផ្គត់ផ្គង់អង្ករដែលមានលក្ខណ:ប្រកួតប្រជែង ការពារផលប្រយោជន៍របស់ភាគីពាក់ព័ន្ធ និងបង្កើនភាពជឿជាក់នៃអង្ករកម្ពុជានៅក្នុងទីផ្សារជាតិ និងអន្តរជាតិ។

៣. ចូលរួមលើកកម្ពស់ និងការពារម៉ាកនិងកម្មសិទ្ធិបញ្ញា ជាពិសេស ការកសាងម៉ាកសមូហភាព និងការពង្រឹងគុណភាពអង្ករកម្ពុជា ដោយត្រូវគិតគូរទាំងបរិមាណ គុណភាព សុវត្ថិភាព និងសោភ័ណភាពនៃការវេចខ្ចប់តាមស្ដង់ដាត្រឹមត្រូវ ដើម្បីរក្សា​បាន​នូវ​កេរ្ដិ៍ឈ្មោះអង្ករ​កម្ពុជា និង​និរន្តរភាព​នៃការនាំចេញ​។

៤. បន្តសហការជាមួយអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងពាណិជ្ជកម្ម ជាពិសេសក្រុមហ៊ុនហ្រ្កីនត្រេដ ក្រុមការងារជំរុញការនាំចេញ និងដៃគូពាក់ព័ន្ធ ក្នុងការអនុវត្តវិធានការបង្កើនប្រសិទ្ធភាព និងគុណភាព ដើម្បីពង្រឹងទីផ្សារ​ដែល​មាន​ស្រាប់ និងពង្រីកទីផ្សារថ្មីបន្ថែម សមំដៅបង្កើនការផ្គត់ផ្គង់ក្នុងស្រុក និងបង្កីនការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ។

និង៥. ធ្វើទំនើបនីយកម្មរចនាសម្ព័ន្ធប្រតិបត្តិការ នីតិវិធីការងារនិងដំណើរការប្រព្រឹត្តទៅ និងលក្ខន្តិកៈសហព័ន្ធ ជាដើម ជាពិសេសស្របពេលនឹងការគ្រោងរៀបចំការបោះឆ្នោតជ្រើសរើសប្រធានសហព័ន្ធ ប្រធាននិងសមាជិកក្រុមប្រឹក្សាភិបាលាននាពេលខាងមុខនេះ៕ ដោយ៖ កន ចំណាន