ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អភិបាលខេត្តឧត្ដរមានជ័យ ប្រគល់ម៉ូតូជាអំណោយរបស់សម្ដេច ហោ ណាំហុង ជូនវីរកងទ័ពជួរមុខ

ខេត្តឧត្ដរមានជ័យ:នាព្រឹកថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្ដរមានជ័យ ប្រគល់អំណោយដ៏ថ្លៃថ្លារបស់សម្ដេចឥស្សរវិទេសបញ្ញា ហោ ណាំហុង ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជាម៉ូតូចំនួន ៨គ្រឿង ជូនដល់កងទ័ពជួរមុខ ប្រចាំទិសទី៣ ដែលកំពុងបំពេញបេសកកម្មការពារបូរណភាពទឹកដីនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តខេត្តឧត្ដរមានជ័យ។

អំណោយម៉ូតូទាំង ៨ គ្រឿងនេះ គឺជាការឧបត្ថម្ភដ៏សប្បុរសរបស់ សម្ដេចឥស្សរវិទេសបញ្ញា ហោ ណាំហុង ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលសម្ដេចតែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងការលះបង់របស់កងទ័ព។

ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្តបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងបានថ្លែងនូវការកោតសរសើរ ព្រមទាំងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរភាពរបស់កងទ័ពទាំងអស់ ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញា ស្មារតី ដើម្បីរក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខជូនជាតិមាតុភូមិ។

គួរបញ្ជាក់ថា អំណោយម៉ូតូទាំងនេះ នឹងក្លាយជាមធ្យោបាយដ៏ចាំបាច់សម្រាប់សម្រួលដល់ការល្បាត ការបំពេញបេសកកម្ម និងការងារប្រចាំថ្ងៃរបស់កងទ័ពនៅតាមបន្ទាត់ព្រំដែន។