(ភ្នំពេញ)៖ អគ្គនាយកដ្ឋាន ក.ប.ប.នៃក្រសួងពាណិជ្ជកម្មនិងលេខាធិការដ្ឋាននៃ គ.ប.ក. សហការជាមួយគណៈកម្មាធិការប្រកួតប្រជែងហ្វីលីពីន (PCC) ក្រោមការឧបត្ថម្ភគាំទ្រដោយទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ GIZ នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥នេះបានរៀបចំវគ្គបណ្តុះបណ្តាលជំនាញស្តីពី «បែបបទនិងនីតិវិធីអំពីការរួមបញ្ចូលគ្នានៃធុរកិច្ច» ចូលរួមចែករំលែកបទពិសោធន៍ និងបណ្តុះបណ្តាលដោយមន្រ្តីជំនាញមកពី PCC។
វគ្គបណ្តុះបណ្តាលនេះនឹងប្រព្រឹត្តទៅរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១២-១៥ ខែសីហា ឆ្នាំ២០២៥ នៅអគ្គនាយកដ្ឋាន ក.ប.ប. ដឹកនាំសម្របសម្រួលដោយ ឯកឧត្តម គឹម មាសសុខសីហា អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. រួមជាមួយលោកអគ្គនាយករង ប្រធាននាយកដ្ឋាន និងសហការីនៃនាយកដ្ឋានកិច្ចការប្រកួតប្រជែងសរុបចំនួន ៤៥រូប។
គោលបំណងនៃការរៀបចំវគ្គបណ្តុះបណ្តាលនៃ គឺដើម្បីផ្តល់នូវចំណេះដឹង និងបទពិសោធន៍ក្នុងការអនុវត្តច្បាប់ស្តីពីការប្រកួតប្រជែងរបស់ប្រទេសហ្វីលីពីន ជាពិសេសពាក់ព័ន្ធនឹងការគ្រប់គ្រងការរួមបញ្ចូលគ្នានៃធុរកិច្ច ដែលស្ថិតក្រោមសមត្ថកិច្ចរបស់ PCC ។ ក្នុងវគ្គបណ្តុះបណ្តាលនេះ ត្រូវបានធ្វើបទឧទ្ទេសនាមដោយមន្ត្រីជំនាញមកពី PCC ដែលរួមមាន៖ ១. Mr. Michael Kris Ben T. Herrera, Mergers and Acquisitions Office ២. Ms. Katrina Margarita D. Lopez, Mergers and Acquisitions Office និង ៣. Ms. Roxanne B. Ballo, Economics Office ដែលមានបទពិសោធន៍លើការត្រួតពិនិត្យការរួមបញ្ចូលគ្នានៃធរុកិច្ច។
ប្រធានបទចម្បងៗ ដែលយកមកធ្វើបទបង្ហាញរួមមាន ១. មូលដ្ឋាននៃការរួមបញ្ចូលគ្នានៃធុរកិច្ច ២. ការជូនដំណឹង និងដំណើរការនៃការត្រួតពិនិត្យ ៣. ការវាយតម្លៃផ្នែកសំខាន់ៗនៃការរួមបញ្ចូលគ្នានៃធុរកិច្ច និង៤. ដំណោះស្រាយក្រោយការរួមបញ្ចូលគ្នានៃធុរកិច្ច សេចក្តីសម្រេច និងកិច្ចសហប្រតិបត្តិការក្នុងតំបន់។
សូមជម្រាបជូនថា វគ្គបណ្តុះបណ្តាលនេះ ជាជំហ៊ានដំបូងនៃការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នារវាងគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» (CCC) និងគណៈកម្មាធិការប្រកួតប្រជែងហ្វីលីពីន (PCC) ដែលបានចុះហត្ថលេខាជាផ្លូវការកាលពីខែកុម្ភៈ ឆ្នាំ២០២៥កន្លងទៅ លើក្របខណ្ឌនៃកិច្ចសហការរវាងភាគីទាំង២ ដែលមានជាអាទិ៍ ការចែករំលែកព័ត៌មានលើករណីប្រកួតប្រជែងឆ្លងដែន ការជូនដំណឹងអំពីសកម្មភាពពាក់ព័ន្ធនឹងការអនុវត្តច្បាប់ កិច្ចសម្របសម្រួលនិងកិច្ចសហការលើការស៊ើបអង្កេតនិងការងារបច្ចេកទេស ដូចជាការបណ្តុះបណ្តាលសមត្ថភាពរួមគ្នារបស់មន្ត្រីស៊ើបអង្កេតក្រោមច្បាប់ស្តីពីការប្រកួតប្រជែង៕



























