លោក សុខ ពុទ្ធីវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានមានប្រសាសន៍ថា បច្ចុប្បន្ននេះប្រទេសចិនត្រូវការអង្ករដែលមានគុណភាព ហើយបញ្ហានេះខាងសហព័ន្ធស្រូវអង្ករកម្ពុជាបានពិភាក្សាជាមួយនិងក្រុមហ៊ុនធំៗរបស់ចិនជាពិសេសក្រុមហ៊ុន COFCO (កូសកូ)ដើម្បីបំពេញតាមកូតារបស់ចិន ហើយកម្ពុជាកំពុងតែពង្រឹងការផលិតក្នុងស្រុកដើម្បីបំពេញបានតាមតម្រូវការទីផ្សារនៅប្រទេសចិន។
លោកប្រធានសហព័ន្ធស្រូវអង្ករបានបន្តទៀតថា កន្លងមកការផលិតអង្ករក្រអូបនៅមានសក្តានុពលច្រើន ជាពិសេសនៅតំបន់ជុំវិញបឹងទន្លេសាប ហើយទៅមុខទៀតសហព័ន្ធស្រូវអង្ករកម្ពុជានឹងធ្វើការងារកាន់តែជិតស្និទ្ធជាមួយនិងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងគុណភាពនិងការធ្វើទំនើបកម្មផងដែរ។
លើសពីនេះប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបន្ថែមថា កម្ពុជាត្រូវប្រឹងប្រែងបន្តទៀតលើវិស័យកសិកម្មបើទោះបីជាសហគមន៍អឺរ៉ុបដាក់បំរាមលើការយកពន្ធអង្ករលើកម្ពុជាក៏ដោយ ហើយទៅមុខទៀតការនាំចេញរបស់កម្ពុជាមិនគួរឲ្យព្រួយបារម្ភខ្លាំងនោះទេ ជាពិសេស គឺខាងរោងម៉ាស៊ីនកិនស្រូវតែជួយទិញស្រូវកសិករបន្ថែមទៀត ដើម្បីថែរក្សាស្ថេរភាពតម្លៃស្រូវ។
សម្រាប់ លោក សុង សារ៉ន អគ្គនាយកក្រុមហ៊ុន AMRU RICE(Cambodia) Co.,Ltd បានលើកឡើងថា បញ្ហាប្រកួតប្រជែងនេះបើសិនជារដ្ឋាភិបាលអាចធ្វើបានគឺអាចកាត់បន្ថយវាតែម្តងទៅ ហើយបញ្ហាប្រឈមរបស់ផលិតកម្មស្រូវរបស់កសិករគឺ ការផលិតខ្វះពូជ ដើមទុនដើម្បីស្តុកទុកស្រូវឲ្យបានយូរ និងខ្វះប្រព័ន្ធធារាសាស្រ្ត ដែលជាបញ្ហានៅឡើយ។
លោកបានបន្ថែមទៀតថា បញ្ហាសំខាន់របស់ក្រុមហ៊ុននាំចេញ រោងម៉ាស៊ីនកិនស្រូវខ្វះទុនបង្វឹលហើយបណ្តាប្រទេសនាំចេញស្រូវអង្ករមានវៀតណាម និងថៃ ទុនបង្វឹលគេមិនពិបាកទេ ដោយសារតែរដ្ឋាភិបាលគេជាអ្នកចាត់ចែងទាំងស្រុងតែម្តង។
ក្រុមហ៊ុនរដ្ឋចិន COFCO ជួយបង្កើនការបញ្ជាទិញអង្ករពីប្រទេសកម្ពុជាបន្ថែមទៀត តាមរយៈអនុសារណៈដែលបានព្រមព្រៀងគ្នានាពេលកន្លងមក ហើយឆ្នាំ២០១៩នេះ ចិនបានបង្កើនកូតាទិញអង្ករពីកម្ពុជាប្រមាណ ៤០ម៉ឺនតោនផងដែរ។
ទិន្នន័យចុងក្រោយក្នុងឆ្នាំ២០១៧ បង្ហាញថា ទីផ្សារនៃប្រទេសជាសមាជិកសហភាពអឺរ៉ុបបានស្រូបយកអង្ករកម្ពុជា៤៣% នៃបរិមាណនាំចេញសរុប ស្របពេលទីផ្សារចិនកំពុងប្រជែងក្នុងល្បឿនយ៉ាងរហ័សក្នុងការស្រូបយកអង្ករពីកម្ពុជា ដោយមានចំណែក៣៤%នៃការនាំចេញសរុប៕