ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេចតេជោ៖ជំរុញស្ថានីយទូរទស្សន៍នៅកម្ពុជា ផ្សាយព័ត៌មាន ឲ្យកុមារពិការគថ្លង់ មានឱកាសទទួលព័ត៌មានបានដូចពលរដ្ឋដទៃ

សម្តេចតេជោ បានជំរុញបែបនេះ ក្នុងឱកាសសម្តេ​​​​​​ច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីផ្ទេរការគ្រប់គ្រងសាលាពិការគថ្លង់ឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលនៅក្នុងឱកាសនេះដែរ សម្តេចទាំងទ្វេក៏បានអញ្ជើញរៀបចំអាហារផ្តល់ជូនកូនក្មួយសិស្សានុសិស្សមកពីសាលាកុមារពិការភ្នែក និងគ ថ្លង់នៃអង្គការគ្រួសារថ្មី ចំនួន៨៩៦នាក់។

នៅក្នុងពិធិនេះ សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យលោក ហង់ជួនណារ៉ុង រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ត្រូវរៀបចំសាងសង់អគារបន្ថែមសម្រាប់វិទ្យាស្ថានអប់រំពិសេសនេះ ដោយមានកម្ពស់៤ជាន់ សម្រាប់បណ្តុះបណ្តាលធនធានមនុស្សនៅទីនេះ ឲ្យកាន់តែល្អប្រសើរថែមទៀត។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អង្គការគ្រួសារថ្មី ដែលកន្លងមកបានយកចិត្តទុកដាក់ចំពោះកុមារកម្ពុជា ជាពិសេសកុមារពិការភ្នែក និងគ ថ្លង់ ឲ្យទទួលបានការសិក្សាអប់រំរៀនសូត្រ ការហ្វឹកហ្វឺនជំនាញនានា និងការឧបត្ថម្ភគាំទ្រផ្សេងៗជាច្រើនទៀត។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណផងដែរចំពោះក្រសួងអបរំ យុវជន និងកីឡា ដែលបានទទួលយកនូវសាលាហ្វឹកហ្វឺនពិសេសពីអង្គការគ្រួសារថ្មី ដាក់នៅក្រោមការគ្រប់គ្រងរបស់រដ្ឋវិញ ដែលនឹងមានប្រយោជន៍កាន់តែច្រើន និងទូលំទូលាយនៅទូទាំងប្រទេស។

សូមបញ្ជាក់ផងដែរថា សាលាកុមារពិការភ្នែក និងគ ថ្លង់នៃអង្គការគ្រួសារថ្មី ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ១៩៩១ ដោយមានឈ្មោះថា «មជ្ឈមណ្ឌលជាតិ អប់រំជនពិការភ្នែក និងគ ថ្លង់»។ មជ្ឈមណ្ឌលនេះ ក៏ជាកន្លែងបណ្តុះបណ្តាលគ្រូបង្រៀនជនពិការភ្នែក និងគ ថ្លង់ និងសម្រាប់ជាទីតាំងបោះពុម្ភផ្សាយ ផលិតសម្ភារៈសិក្សារបស់ជនពិការភ្នែក និងគ ថ្លង់ផងដែរ។

ក្នុងរយៈពេលជាង២០ឆ្នាំកន្លងមកនេះ កម្មវិធីអប់រំកុមារពិការភ្នែក និងកុមារគ ថ្លង់ បានដំណើរការ និងមានការអភិវឌ្ឍជានិច្ច ដោយសារការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែបានផ្ដល់ជំនួយឧបត្ថម្ភដ៏ថ្លៃថ្លាជាច្រើន រួមទាំងជំនួយមូលនិធិដល់អង្គការគ្រួសារថ្មីសម្រាប់ដំណើរការកម្មវិធីជាច្រើនជារៀងរហូតមក។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ដោយក្តីមោទនភាព ដែលកម្ពុជាបានអនុវត្តនូវក្របខណ្ឌគោលនយោបាលគាំពារសង្គម តាមរយៈការប្រើប្រាស់នូវបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ជាពិសេសស ថ្មីៗនេះ រាជរដ្ឋាភិបាលក៏បានដាក់ឲ្យអនុវត្តគោលនយោបាយផ្តល់សាច់ប្រាក់ដល់ស្ត្រីក្រីក្រ ស្រ្តីមានផ្ទៃពោះ និងស្រ្តីពេលសម្រាលកូន ហើយរហូតដល់កូនបានអាយុ២ឆ្នាំ ដើម្បីជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋក្រីក្រឲ្យបានធូរស្រាលមួយកម្រិត។

ក្នុងឱកាសដ៏ថ្លៃថ្លានេះ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឧបត្ថម្ភជាថវិកាលើកទឹកចិត្តដល់កុមារ គ ថ្លង់ ចំនួន៨៩៦នាក់ ដោយម្នាក់ៗទទួលបានឃីត១កញ្ចប់ និងថវិកា៥ម៉ឺនរៀល ចំណែកលោកគ្រូ អ្នកគ្រូចំនួន២៦៥នាក់ ទទួលបានឃីត១កញ្ចប់ និងថវិកា១០ម៉ឺនរៀល។ ទន្ទឹមនឹងនេះដែរ សម្រាប់សាលាកុមារពិការភ្នែក និងគ ថ្លង់ ស្ថិតនៅក្នុងខេត្តបាត់ដំបង, ខណ្ឌច្បារអំពៅ, ខេត្តសៀមរាប និងខេត្តកំពង់ចាម គឺក្នុង១សាលាទទួលបាននូវគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងថវិការ៥លានរៀល។

ចំណែកឯវិទ្យាស្ថានជាតិអប់រំពិសេសនេះ ទទួលបានថវិការ១០លានរៀល។ ក្រោយពីប្រគល់ថវិកា និងបរិក្ខារឧបត្ថម្ភនេះហើយ សម្តេចតេជោនាយករដ្ឋមន្រ្តី បានប្រគល់មេដាយឥស្សរិយយសដល់បុគ្គលិក និងមន្រ្តីឆ្នើម ដែលបានចូលរួមនៅក្នុងសកម្មភាពមនុស្សធម៌រហូតបានសម្រេចរូបរាងកាន់តែល្អប្រសើរ សម្រាប់សង្គមជាតិ។ បន្ទាប់មក សម្តេចទាំងទ្វេបានអញ្ជើញដើរសួរសុខទុក្ខកូនក្មួយពិការ ដែលកំពុងញាំអាហារនៅតាមតុ ហើយបានថតរូបអនុស្សាវរីយ៍ជាមួយកូនក្មួយក្នុងបរិយាកាសរីករាយ និងស្និទ្ឋស្នាលក្រៃលែង។ មានសម្តេចតេជោ ហ៊ុន សែន ដឹកនាំប្រទេស កូនក្មួយពិការមានការកក់ក្តៅខ្លាំងបំផុត៕