ភ្នំពេញ)៖ ឧកញ៉ា ឡាយ ឈុនហួរ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន City Rice បានជាប់ជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា អាណត្ដិទី៥ ខណៈ ដែល ឧកញ៉ា ចាន់ សុឃាំង អតីតប្រធានសហព័ន្ធស្រូវអង្ករ អាណត្តិទី៤ បានជាប់ជាប្រធានក្រុមប្រឹក្សាភិបាល សម្រាប់អាណត្តិទី៥ បន្ទាប់ពីសមាជិក សមាជិកា នៃសហព័ន្ធស្រូវអង្ករ ផ្តល់ទំនុកចិត្ដបោះឆ្នោតជ្រើសតាំងរួចមក។
ការប្រកាសសមាសភាព ក្បាលម៉ាស៊ីនដឹកនាំ សហព័ន្ធស្រូវអង្ករកម្ពុជា សម្រាប់អាណត្ដិថ្មី អាណត្ដិទី៥នេះ ធ្វើឡើងក្រោមអធិបតីភាព អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥នេះ នៅសូហ្វីតែល ភ្នំពេញ ភូគីត្រា។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអបអរសារទរ ដល់លទ្ធផលនៃការបោះឆ្នោត ដែលប្រព្រឹត្តទៅប្រកបដោយជោគជ័យ ក្នុងការជ្រើសរើសថ្នាក់ដឹកនាំ ប្រធានក្រុមប្រឹក្សាភិបាល និងប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា សម្រាប់អាណត្តិទី៥ ឆ្នាំ២០២៥-២០២៨។
សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងប្រធានក្រុមប្រឹក្សាភិបាល និងប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា សម្រាប់អាណត្តិនីមួយៗ ធ្វើឡើងរយៈពេល៣ឆ្នាំម្តង៕













