ក្រុងព្រះសីហនុ ៖ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស នៅថ្ងៃព្រហស្បតិ៍ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ នេះបានអញ្ជើញចូលរួម ពិធីអបអរសាទររំលឹកខួបលើកទី៨០ នៃទិវាបុណ្យឯករាជ្យជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្រោមអធិបតីភាព ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម Lai Xuan Chien ឯកអគ្គកុងស៊ុល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំខេត្តព្រះសីហនុ។
ពិធីអបអរសាទររំលឹកខួបលើកទី៨០ នៃទិវាបុណ្យឯករាជ្យជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នេះ ក៏មានការចូលរួមពី អ្នកតំណាងរាស្ត្រខេត្តព្រះសីហនុ លោក លោកស្រីថ្នាក់ដឹកនាំខេត្តកែប កោះកុង កំពត កំពង់ស្ពឺ ខេត្តតាកែវ ព្រមទាំងប្រធានមន្ទីរ អង្គភាព ភ្ញៀវជាតិ អន្តរជាតិ។



















