រាជធានីភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រធានគណៈកម្មាធិការប្រតិបត្តិ និងជាប្រធានសមាគមបណ្តាញកសិករតេជោ រួមទាំងសហការីនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥នេះ បានដឹកនាំកិច្ចប្រជុំរវាងសមាគមបណ្តាញកសិករតេជោ និងក្រុមអ្នកចិញ្ចឹមទាយកស៊ុត។ កិច្ចប្រជុំនេះ មានគោលបំណងដើម្បីពិភាក្សាអំពីបញ្ហាប្រឈម និងឱកាសក្នុងការចូលរួមជួយអភិវឌ្ឍន៍វិស័យចិញ្ចឹមទាយកស៊ុត។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ប្រធានសមាគម ក៏បានចង្អុលបង្ហាញអំពីគោលបំណងនៃការបង្កើតសមាគមបណ្តាញកសិករតេជោ ជាពិសេសការចងក្រងកសិករជាបណ្តុំខ្សែសង្វាក់ ដែលបង្កើតបានជាសម្លេងរួមមួយដ៏សំខាន់។
សម្លេងនេះ អាចជួយពាំនាំបញ្ហាប្រឈមនានារបស់កសិករនិងស្វែងរកដំណោះស្រាយជាយុទ្ធសាស្ត្រ ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍន៍វិស័យកសិកម្មនិងសេដ្ឋកិច្ចជាតិ និងដោយមានគោលបំណងចម្បងក្នុងការកាត់បន្ថយភាពក្រីក្រនៅតាមជនបទ។
ទន្ទឹមនឹងនោះ អង្គប្រជុំបានពិភាក្សាផ្តល់មតិយោបល់ជាច្រើនក្នុងការកែលម្អគុណភាពផលិតកម្ម ការបង្កើនបច្ចេកទេសចិញ្ចឹម និងការកែច្នៃផលិតផលទាយកស៊ុត ដើម្បីបង្កើនតម្លៃបន្ថែម។
ជាចុងបញ្ចប់ ឯកឧត្តមបណ្ឌិត ប្រធានសមាគមបានស្នើសុំឱ្យក្រុមអ្នកចិញ្ចឹមទាយកស៊ុតចងក្រងគ្នាជាបណ្តុំខ្សែសង្វាក់បណ្តាញថ្នាក់ខេត្តរហូតដល់ថ្នាក់ស្រុក ដើម្បីរួមគ្នាលើកកម្ពស់ជីវភាពកសិករខ្មែរ ដោយកាត់បន្ថយចំណាយថ្លៃដើម និងបង្កើនសមត្ថភាពប្រកួតប្រជែងទីផ្សារ។
#សមាគមបណ្តាញកសិករតេជោ #កសិករខ្មែរ #ខ្មែរជួយខ្មែរ #វិស័យចិញ្ចឹមទាយកស៊ុត #កសិកម្មប្រកបដោយចីរភាព។






















