បាត់ដំបង៖ លោក លីលាង តំណាងក្រុមហ៊ុន ស៊ីធី រ៉ាយស៍ អុីមផត អិចផត ខូ អិលធីឌី (City Rice Import Export Co., Ltd.) និងសមាគមបណ្តាញកសិករតេជោនៅព្រឹកថ្ងៃទី14 ខែសីហា ឆ្នាំ2026នេះ បានចុះទៅពិនិត្យមេីលស្រែរបស់កសិករ ដែលត្រៀមបម្រុងច្រូតកាត់ និងជាប់ក្នុងកិច្ចសន្យាកសិកម្មជាមួយក្រុមហ៊ុនក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង។
ការចុះពិនិត្យនេះ មានគោលបំណងផ្ទៀងផ្ទាត់គុណភាពផលស្រូវ កម្រិតទុំ និងស្ថានភាពដំណាំ មុនពេលឈានដល់ដំណាក់កាលប្រមូលផល ដើម្បីធានាថាផលិតផលដែលទទួលទិញមានគុណភាពស្របតាមស្តង់ដារ និងតម្រូវការទីផ្សារ។
ជាមួយគ្នានេះ ក្រុមហ៊ុនក៏បានណែនាំឱ្យកសិករពន្យារពេលច្រូតកាត់បន្តិច ដើម្បីឱ្យស្រូវទុំស្មើគ្នាគ្រប់ជ្រុងស្រែ និងឈានដល់កម្រិតគុណភាពល្អបំផុត មុនពេលប្រមូលផល។ វិធានការនេះមានគោលបំណងបង្កើនទិន្នផល និងធានាគុណភាពស្រូវឱ្យស្របតាមស្តង់ដារទីផ្សារ និងកិច្ចសន្យាកសិកម្ម។
ជាមួយគ្នានេះ ការចុះជួបផ្ទាល់ជាមួយកសិករ ក៏ជាឱកាសសំខាន់ក្នុងការពង្រឹងទំនាក់ទំនង ការសហការ និងការជឿទុកចិត្តរវាងក្រុមហ៊ុន និងកសិករ។ ក្រុមហ៊ុន ស៊ីធី រ៉ាយស៍ អុីមផត អិចផត ខូ អិលធីឌី (City Rice Import Export Co., Ltd.) បន្តលើកទឹកចិត្តឱ្យកសិករយកចិត្តទុកដាក់លើគុណភាពផលិតកម្ម ការអនុវត្តបច្ចេកទេសកសិកម្មល្អ និងការផលិតឱ្យស្របតាមតម្រូវការទីផ្សារ។
ការសហការរវាងក្រុមហ៊ុន និងកសិករ តាមរយៈកិច្ចសន្យាកសិកម្ម គឺជាចំណែកមួយក្នុងការជួយធានាទីផ្សារ បង្កើនតម្លៃផលិតផល និងលើកកម្ពស់ជីវភាពរបស់ប្រជាកសិករ ឱ្យកាន់តែប្រសើរឡើង។
