ខេត្តកំពង់ធំ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០៦នេះ តបតាមការអញ្ជើញរបស់ទីស្តីការគណៈរដ្ឋមន្ត្រីបានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ស្តីអំពីផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្ម ខេត្តកំពង់ធំ ឆ្នាំ២០២៦-២០៣០។
សិក្ខាសិលានេះរៀបចំឡើងរយៈពេលមួយថ្ងៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វង្ស៊ី វិស្សុត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ សហការរៀបចំដោយក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.) នៃទីស្តីការគណៈរដ្ឋមន្ត្រី និងរដ្ឋបាលខេត្តកំពង់ធំ ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីជំនាញ និងភាគីពាក់ព័ន្ធជាច្រើនទៀតសរុបប្រមាណ៣០០នាក់។
គោលបំណងសំខាន់នៃសិក្ខាសិលានេះគឺ ផ្តោតលើការពិភាក្សាស៊ីជម្រៅអំពីសក្តានុពល បញ្ហាប្រឈម និងដំណោះស្រាយគន្លឹះ ព្រមទាំងប្រមូលធាតុចូលជាយុទ្ធសាស្ត្រពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍កសិកម្មខេត្តកំពង់ធំ ឆ្នាំ២០២៦-២០៣០ ឱ្យឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែង និងសក្តានុពលរបស់ខេត្ត។
ផែនការយុទ្ធសាស្ត្រនេះក៏មានគោលដៅផងដែរ ក្នុងការជំរុញការអភិវឌ្ឍវិស័យកសិកម្មខេត្តកំពង់ធំ ឱ្យឈានទៅរក កសិ-ពាណិជ្ជកម្មទំនើប បង្កើនផលិតភាព ប្រាក់ចំណេញ ភាពធន់ និរន្តរភាព និងបង្កើតតម្លៃបន្ថែមខ្ពស់ ដែលនឹងរួមចំណែកដល់ការលើកកម្ពស់ជីវភាពប្រជាជន និងការអភិវឌ្ឍខេត្តកំពង់ធំ ប្រកបដោយភាពធន់ និងចីរភាព។
វាគ្មិនសំខាន់ៗ និងអ្នកជំនាញមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រុមហ៊ុនចម្ការកៅស៊ូ ក្រុមហ៊ុនដឹកជញ្ជូន និងជីកសិកម្ម ក្រុមហ៊ុននាំចេញអង្ករ សមាគមអ្នកដាំស្វាយចន្ទីខេត្តកំពង់ធំ សមាគមដំឡូងមីកម្ពុជា និងភាគីពាក់ព័ន្ធផ្សេងៗទៀតសម្រាប់ ប្រមូលធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីធានាថា ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្មខេត្តកំពង់ធំ ឆ្នាំ២០២៦-២០៣០ អាចឆ្លើយតបបានកាន់តែប្រសើរទៅនឹងតម្រូវការ បញ្ហាប្រឈម និងសក្តានុពលជាក់ស្តែងរបស់វិស័យកសិកម្មក្នុងខេត្ត។
បន្ថែមពីនេះវាគ្មិនខាងលើបានធ្វើបទបង្ហាញអំពីសក្តានុពលវិស័យកសិកម្មរបស់ខេត្តកំពង់ធំ ការពិភាក្សាស៊ីជម្រៅដោយវាគ្មិនសំខាន់ៗ និងការពិភាក្សាតាមក្រុមដោយអ្នកចូលរួមទាំងអស់ លើខ្សែច្រវាក់តម្លៃសំខាន់ៗចំនួន៦ រួមមាន៖ ១. ខ្សែច្រវាក់តម្លៃដំណាំស្រូវ ២. ខ្សែច្រវាក់តម្លៃដំណាំស្វាយចន្ទី ៣. ខ្សែច្រវាក់តម្លៃដំណាំដំឡូងមី៤. ខ្សែច្រវាក់តម្លៃដំណាំកៅស៊ូ និងដំណាំសក្តានុពលផ្សេងៗ ៥. ខ្សែច្រវាក់តម្លៃវារីវប្បកម្ម និង ៦. ខ្សែច្រវាក់តម្លៃការចិញ្ចឹមសត្វ៕
