ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឧកញ៉ា តែ តាំង ប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ​នឹងរៀបចំពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៥ ដើម្បីគាំទ្រផលិតផលក្នុងស្រុក

(ភ្នំពេញ)៖ សមាគមមូលនិធិសម្តេចតេជោ និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា នឹងរៀបចំកម្មវិធីតំាងពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៥ ចំនួន៣ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ទី១៣ ខែកញ្ញា ឆ្នាំ២០២៥ ដែលជាការរួមចំណែកដល់ការពង្រឹង និងពង្រីកសមត្ថភាពផលិតក្នុងស្រុក។
នេះបើតាមបញ្ជាក់ពីឧកញ៉ា តែ តាំង ប៉ ប្រធានក្រុមប្រឹក្សាភិបាលសមាគមមូលនិធិសម្តេចតេជោ និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (ហៅកាត់ថា FASMEC)​ ក្នុងវេទិកាសារព័ត៌មានលើប្រធានបទ «ជំរុញ ផលិត និងគាំទ្រផលិតផលខ្មែរ» នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥។
ឧកញ៉ា តែ តាំង ប៉ បាន​បញ្ជាក់ថា ចាប់ពីថ្ងៃទី១១ ដល់ទី១៣ ខែកញ្ញា ឆ្នាំ២០២៥ សមាគមនឹងរៀបចំព្រឹត្តិការណ៍ពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសាលសន្និបាត និងពិព័រណ៍កោះពេជ្រ ដែលជាការរួមចំណែកដល់ការពង្រឹង និងពង្រីកសមត្ថភាពផលិតក្នុងស្រុក ក៏ដូចជាចូលរួមផ្សព្វផ្សាយ លើកកម្ពស់ផ្តល់តម្លៃ និងគាំទ្រផលិតផលខ្មែរ។
ឧកញ៉ា តែ តាំង ប៉ បានគូសបញ្ជាក់ថា វិស័យសហគ្រាសធុនតូច និងមធ្យម បានដើរតួនាទីជាឆ្អឹងខ្នង នៃសេដ្ឋកិច្ចជាតិជាច្រើនទសវត្សរ៍មកហើយ ដែលទាមទារការយកចិត្តទុកដាក់បន្ថែម ដើម្បីពង្រឹងសមត្ថភាពផលិតក្នុងស្រុក និងអាចឈានទៅដល់ការកាត់បន្ថយ ការនាំចូលផលិតផល ដែលមានស្រាប់មកពីបរទេស។
ក្នុងនោះ ក៏មានការលើកឡើងពីឱកាសទីផ្សារ ក៏ដូចជាបញ្ហាប្រឈម ដែលសហគ្រាសធុនតូច និងមធ្យម ត្រូវជួបប្រទះ ដើម្បីបង្កើតឡើងនូវផលិតផល ដែលមានគុណភាព និងតម្លៃ សមរម្យ អាចបំពេញតម្រូវការក្នុងស្រុក ដែលកំពុងកើនឡើង ស្របពេលដែលបញ្ហាជម្លោះ នៅតាមព្រំដែនកម្ពុជា-ថៃ បានជំរុញឱ្យពលរដ្ឋកម្ពុជា ពហិការមិនប្រើប្រាស់ផលិតផលថៃ។
សូមជម្រាបថា វេទិកាសារព័ត៌មានខាងលើនេះ ត្រូវបានរៀបចំដោយ ក្លឹបអ្នកកាសែតកម្ពុជា ដែលមានលោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា ជាអ្នកសម្របសម្រួល និងមានការចូលរួមពីអ្នកសារព័ត៌មានប្រមាណ៧០នាក់ មកពី៥០ស្ថាប័ន៕