រដ្ឋាភិបាលទីក្រុងប៉េកាំងនឹងបើកឲ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិខ្នាតយក្ស រូបរាងស្អាតប្លែក និងគួរឲ្យទាក់ទាញរបស់ខ្លួនមានឈ្មោះថា Beijing Daxing នៅចុងខែកញ្ញខាងមុខនេះមុនមួយថ្ងៃនៃខួប៧០ឆ្នាំ នៃសាធារណរដ្ឋប្រជាមានិតចិនដែលគម្រោងការសាងសង់នេះមានតម្លៃប្រមាណ ១២០ ពាន់លានយ័នស្មើ១៧,ពាន់៥០០លានដុល្លារ។
លោកស៊ីជីនភីង ប្រធានាធិបតី នឹងចូលរួមពិធីអបអរសាទរនៃព្រឹត្តិការណ៍នេះ និងមានក្បួនដង្ហែរយោធាដ៏ធំ ដើម្បីបញ្ជាក់ថាមជ្ឈមណ្ឌលដ៏ទំនើបនេះគឺជាសមិទ្ធិផលនៃក្តីសុបិន្តរបស់ប្រជាជនចិនដែលសម្រេចបាន ស្ថិតនៅចម្ងាយ៤៦គីឡូម៉ែត្រភាគខាងត្បូងនៃទីលានធៀនអានមេន។
អាកាសយានដ្ឋានថ្មីនឹងដំណើរការពេញសមត្ថភាពនៅឆ្នាំ ២០២៥ ដោយមានផ្លូវរត់ចំនួនបួននិងអាច ទទួលអ្នកដំណើរចំនួន ៧២លាននាក់ក្នុងមួយឆ្នាំ។ អាកាសយានដ្ឋាន Beijing Daxing នេះមានផ្ទៃក្រឡារហូតទៅដល់ ៧០០,០០០ម៉ែត្រការ៉េ ដែលមានរាងដូចជាផ្កាយសមុទ្រយ៉ាងធំ ដោយនៅខាងក្រោមគឺជាស្ថានីយ៍រថភ្លើងនិងខ្សែរថភ្លើងក្រោមដីដែលនឹងអនុញ្ញាតឱ្យអ្នកដំណើរទៅដល់កណ្តាលទីក្រុងក្នុងរយៈពេល២០នាទីតែប៉ុណ្ណោះ។