ប្រទេសអាឡឺម៉ង :ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជានៅក្នុងកំឡុងពេលបំពេញបេសកកម្មដឹកនាំក្រុមហ៊ុនដែលជាសមាជិកចូលរួមការតាំងពិព័រណ៍អន្តរជាតិ Anuga International Food Fair 2025នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥នេះបានចូលរួមជាវាគ្មិន នៅក្នុងវេទិកាស្រូវអង្ករលើកទី៧ (7th Eurofins Anuga Rice Conference) នៅទីក្រុង កូឡូញ ប្រទេសអាឡឺម៉ង ដែលវេទិកានេះផ្តោតលើប្រធានបទ «ស្ថានភាពការប្រឈម និងឱកាសនៃការធ្វើពាណិជ្ជកម្មស្រូវអង្ករអន្តរជាតិនាពេលបច្ចុប្បន្ន-Current Opportunities and Challenges for International Rice Trade» ។
នៅក្នុងកម្មវិធីនេះដែរក៏មានវាគ្មិនមកពីសហរដ្ឋអាម៉េរិក ប៉ាគីស្ថាន អាឡឺម៉ង និង អ្នកជំនាញផ្នែកស្រូវនិរន្តរភាព អ្នកវិទ្យាសាស្ត្រស្រូវអំពី DNA ស្រូវអង្ករ និង ការគ្រប់គ្រងថ្នាំពុលកសិកម្ម និងសារធាតុនៅក្នុងគ្រាប់អង្ករផងដែរ។
ឧកញ៉ា ឡាយ ឈុនហួ ក៏បានបង្ហាញដល់អង្គវេទិកា នូវសក្តានុពលនៃការដាំដុះ ការកែច្នៃ និងការនាំចេញអង្កររបស់កម្ពុជា ព្រមទាំងផែនការ និងគោលនយោបាយមួយចំនួនរបស់សហព័ន្ធស្រូវអង្ករ ដែលមានការគាំទ្រពីរាជរដ្ឋាភិបាល ក្នុងការជំរុញផលិតកម្ម ដាំដុះ ការកិនកែច្នៃ និងការនាំចេញអង្ករ។













