ប្រទេសអុីតាលី: នាថ្ងៃសុក្រទី១០ ខែតុលា ឆ្នាំ២០២៥នឹះ នៅក្នុងដំណើរទស្សនកិច្ចជាមួយអតិថិជនដែលជាអ្នកទិញអង្ករកម្ពុជា នៅក្នុងប្រទេសអុីតាលី ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានអញ្ជើញជួបពិភាក្សា និងស្វែងយល់អំពីរោងម៉ាស៊ីនកិនស្រូវ និង ការដាំដុះស្រូវរបស់កសិករនៅក្នុងតំបន់ Vercelli ប្រទេសអុីតាលី។
គូសបញ្ជាក់ផងដែរថា ប្រទេសអុីតាលី គឺជាប្រទេសធំជាងគេនៅក្នុងទ្វីបអឺរ៉ុប ដែលមានកសិករដាំដុះស្រូវលើផ្ទៃដីប្រមាណជាង ៥០% ស្មើរនឹងផ្ទៃដីសរុបចំនួន ២២៦ ១២៩ ហិកតា ដែលការដាំដុះនេះរួមមាន ស្រូវប្រភេទចាប៉ូនីកា (Japonica) ជាង ៨៣% និងអ៊ិនឌីការ (Indica) គ្រាប់កណ្តាល(Medium Grain) ពូជ BASF (CL 712) ជាង ១៦% ដែលប្រភេទស្រូវទាំងនេះមានលក្ខណៈខុសប្លែកពីអង្ករក្រអូបកម្ពុជា។ ជារួមប្រភេទស្រូវទាំងនេះ ជាប្រភេទស្រូវមិនប្រកាន់រដូវដែលមានរយៈពេល ៣ខែ ទិន្នផលជាមធ្យម ៧តោនក្នុងមួយហិកតា។






