ភ្នំពេញ:នៅថ្ងៃព្រហស្បតិ៍-សុក្រទី១៣-១៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ មន្រ្តីជំនាញ សាខា ក.ប.ប. ខេត្តក្រចេះ ខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ និងខេត្តរតគិរី សហការជាមួយមន្រ្តីនៃមន្ទីរពាណិជ្ជកម្ម និងមន្រ្តីនៃមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ចុះអប់រំផ្សព្វផ្សាយស្តីពីសុវត្ថិភាពម្ហូបអាហារ កិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង កម្មវិធី CCF Complaint App និងផលប៉ះពាល់នៃគ្រឿងញៀន ជូនដល់លោកគ្រូ អ្នកគ្រូសិស្សានុសិស្ស និងអាជីវករលក់ដូរនៅក្នុងសាលារៀន ៥ទីតាំង និងមានអ្នកចូលរួមចំនួន ២២១៩នាក់។
នៅក្នុងវគ្គអប់រំ ផ្សព្វផ្សាយនេះ មន្រ្តីជំនាញបានធ្វើការណែនាំអំពីការជ្រើសរើស ការពិនិត្យម្ហូបអាហារដែលមានសុវត្ថិភាព និងអាហារូបត្ថម្ភដែលមានគុណភាពល្អសម្រាប់បរិភោគប្រចាំថ្ងៃ ព្រមទាំងបានចែកផ្ទាំងរូបភាពផ្សព្វផ្សាយ (Poster) អំពីសុវត្ថិភាពម្ហូបអាហារ ចំនួន ៤៣៩ សន្លឹក ផងដែរ។ សង្កត់ធ្ងន់ក្នុងពិធីនោះ មន្រ្តីជំនាញក៏បានធ្វើការណែនាំដល់សិស្សានុសិស្ស ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការទទួលទាននូវភេសជ្ជៈដែលមានជាតិស្ករខ្ពស់ និងមានជាតិផ្អែមខ្លាំង ព្រោះបណ្ដាលឱ្យកើតជំងឺលើសសម្ពាធឈាម និងជំងឺទឹកនោមផ្អែម ជាយថាហេតុ។
ទន្ទឹមនឹងនោះ មន្ត្រីជំនាញក៏បានផ្សព្វផ្សាយបន្ថែមអំពីផលលំបាក និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន, គ្រឿងញៀនជាគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សង្គមជាតិទាំងមូល។
