ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កិច្ចប្រជុំពិភាក្សាការងាររវាង ឯកឧត្ដម គឹម មាសសុខសីហា អគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. និងលោក Samuel Chan ប្រធានគណៈកម្មាធិការប្រកួតប្រជែងហុងកុង(HKCC)

(ភ្នំពេញ) ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែង «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម ឯកឧត្ដម គឹម មាសសុខសីហា អគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. និងជាប្រធានលេខាធិការដ្ឋាន គ.ប.ក. បានទទួលរៀបចំកិច្ចប្រជុំពិភាក្សាការងារជាមួយ លោក Samuel Chan ប្រធានគណៈកម្មាធិការប្រកួតប្រជែងនៃតំបន់រដ្ឋបាលពិសេសហុងកុង (HKCC) នៃសាធារណរដ្ឋប្រជាមានិតចិន។
កិច្ចប្រជុំនេះមានគោលបំណងចែករំលែកនូវបទពិសោធន៍ការងារគ្នាទៅវិញទៅមក និងកំណត់គោលដៅ សហប្រតិបត្តិការជាមួយគ្នា ព្រមទាំងការអនុវត្តការផ្ទាល់នៅគណៈកម្មាធិការប្រកួតជែងហុងកុង បន្ទាប់ពីការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា(MoU) រវាងលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» និងលោក Samuel Chan ប្រធានគណៈកម្មាធិការប្រកួតប្រជែងនៃតំបន់រដ្ឋបាលពិសេសហុងកុង (HKCC) នៃសាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។
ជាមួយគ្នានេះភាគីហុងកុងក៏បានចែករំលែកអំពី ការអនុវត្តការងាររបស់គណៈកម្មាធិការប្រកួតប្រជែងនៃតំបន់រដ្ឋបាលពិសេសហុងកុង ដោយផ្ដល់នូវអនុសាសន៍ដល់អគ្គនាយកដ្ឋាន ក.ប.ប. ដែលជាអង្គភាពអនុវត្តច្បាប់ស្ដីពីការប្រកួតប្រជែងទើបនឹងបង្តើតថ្មីត្រូវកសាងក្រុមការងារឲ្យមានប្រសិទ្ធភាពដើម្បីសម្រេចបានគោលដៅរួម កសាងទំនុកចិត្តដល់សាធារណជន កសាងយុទ្ធសាស្ត្រនិងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នជាតិពាក់ព័ន្ធ រួមទាំងស្ថាប័នអន្តរជាតិពាក់ព័ន្ធនឹងកិច្ចការប្រកួតប្រជែង។ ដោយឡែកភាគីកម្ពុជាក៏បានជម្រាបជូនភាគីហុងកុងអំពីប្រវត្តិរបស់អគ្គនាយកដ្ឋាន ក.ប.ប. និងច្បាប់ស្ដីពីការប្រកួតប្រជែង រួមទាំងវឌ្ឍនភាពនៃការអនុវត្តច្បាប់ផងដែរ។