ខេត្តមណ្ឌលគីរី៖ ក្រុមហ៊ុន អេមរុរ៉ាយស៍និងក្រុមហ៊ុន សាជីវកម្មកសិកម្មកម្ពុជាដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦នេះបានរៀបចំពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្មស្តីពី ការផលិត និងផ្គត់ផ្គង់ស្រូវសរីរាង្គ និងស្រូវនិរន្តរភាពសរុបចំនួន ៧,០០០ តោន ដែលមានតម្លៃសរុបប្រមាណ ១ លាន ៨០ ម៉ឺនដុល្លារអាមេរិក ជាមួយសហគមន៍កសិកម្មចំនួន ០៧ ក្នុងនោះមាន ០៦ សហគមន៍ស្ថិតក្នុងស្រុកកោះញែក ខេត្តមណ្ឌលគីរី និង ០១ សហគមន៍មកពីស្រុកកូនមុំ ខេត្តរតនគីរី ព្រមទាំងក្រុមផលិត និងចង្កោមអាជីវកម្មរបស់គម្រោងអេមស៍ (AIMS) ចំនួន ២២ ក្រុមផ្សេងទៀត។
ពិធីដ៏មានអត្ថន័យនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម ជាក់ ម៉េងហ៊ាង អភិបាលរងខេត្តមណ្ឌលគីរី តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមអភិបាលខេត្ត លោក សា ស្លឹម អភិបាលរងស្រុកកោះញែក លោកបណ្ឌិត ចាយ ជីម ប្រធាននាយកដ្ឋានកសិឧស្សាហកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកបណ្ឌិត សុង ឃៀងប្រធានមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទប្រចាំខេត្តមណ្ឌលគីរី និង លោក កាន់ គន្ឌី អគ្គនាយកក្រុមហ៊ុនសាជីវកម្មកសិកម្មកម្ពុជា និងជាតំណាងក្រុមហ៊ុន អេមរុរ៉ាយស៍ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ទីរជំនាញពាក់ព័ន្ធ និងតំណាងសហគមន៍កសិករសរុប ៨៥ នាក់ ក្នុងនោះមានស្រ្ដីចំនួន ៣១ នាក់ផងដែរ។
ពិធីចុះកិច្ចសន្យានេះ គឺជាផ្នែកមួយនៃផែនការយុទ្ធសាស្រ្ដរបស់ក្រុមហ៊ុនដើម្បីធានាបាននូវនិរន្តរភាពលើផលិតកម្មកសិកម្ម ដែលក្រុមហ៊ុន អេមរុរ៉ាយស៍ ក្រោមកិច្ចសហការជាមួយស្ថាប័នរាជរដ្ឋាភិបាលពាក់ព័ន្ធ អង្គការដៃគូ សហគមន៍ និងអាជ្ញាធរមូលដ្ឋាន ដែលបាននឹងកំពុងអនុវត្ដនៅក្នុងខេត្តគោលដៅ។ ពិធីកិច្ចសន្យា និងផ្គត់ផ្គង់នាពេលនេះ រួមមានស្រូវសរីរាង្គចំនួន ៥,០០០ តោន លើផ្ទៃដីផលិតសរុប ៤,៥៥០ ហិកតា ដោយមានកសិករចូលរួមចំនួន ១,៤៨៥ គ្រួសារ ដែលក្នុងនោះប្រមាណ ៧០ ភាគរយជាបងប្អូនជនជាតិដើមភាគតិច។ និងការចុះកិច្ចសន្យាទិញ-លក់ប្រភេទស្រូវមិនប្រកាន់រដូវដូចជា ស្រូវសែនក្រអូប និងស្រង៉ែក្រអូប សរុបចំនួន ២,០០០ តោន លើផ្ទៃដីផលិត ២៩៦.៨៥ ហិកតា ពីកសិករចំនួន ៨៥៥ គ្រួសារ ឬស្មើនឹង ២២ ក្រុមក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី និងស្រុកកូនមុំ ខេត្តរតនគិរី។
ការចុះកិច្ចសន្យាទិញស្រូវសរុប ៧,០០០ តោននេះ បានផ្ដល់ផលប្រយោជន៍ដោយផ្ទាល់ទៅដល់គ្រួសារកសិករខ្នាតតូចសរុបជាង ២,៤០០ គ្រួសារ ក្នុងគោលដៅលើកកម្ពស់ជីវភាព អាហាររូបត្ថម្ភ សុវត្ថិភាពស្បៀងអាហារ និងធានាបាននូវការអភិវឌ្ឍសហគមន៍ ឆ្លើយតបនឹងតម្រូវការទីផ្សារប្រកបដោយចីរភាព។
ក្នុងឱកាសនោះ ឯកឧត្ដម ជាក់ ម៉េងហ៊ាង ក្នុងនាមអាជ្ញាធរខេត្ត បានគូសបញ្ជាក់ថា ការវិនិយោគរបស់ក្រុមហ៊ុន អេមរុរ៉ាយស៍ និង CACC គឺជាឱកាសដ៏វិសេសវិសាលសម្រាប់កសិករក្នុងខេត្តមណ្ឌលគីរីទាំងមូល ក្នុងការបង្កើតប្រាក់ចំណូលពិតប្រាកដ និងជំរុញសេដ្ឋកិច្ចគ្រួសារឱ្យកាន់តែប្រសើរឡើង។
សមិទ្ធផលនៃការចុះកិច្ចសន្យាផលិតកម្មកសិកម្មនាពេលនេះ ក៏ជាស្តែងចេញពីការអនុវត្ត «គម្រោងកែលម្អជីវភាពកសិករខ្នាតតូចនៅភាគខាងជើងប្រទេសកម្ពុជា» ដែលទទួលបានការឧបត្ថម្ភគាំទ្រថវិកា ពីកម្មវិធីស្បៀងអាហារ និងកសិកម្មពិភពលោក (GAFSP) តាមរយៈអង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP) ការចូលរួមពីគម្រោង អេមស៍ (AIMS) របស់ក្រសួងពាណិជ្ជកម្ម និងគម្រោង RiceTech ក្រោមជំនួយឧបត្ថម្ភពីរាជរដ្ឋាភិបាលហូឡង់។
ការអនុវត្តកិច្ចសន្យានេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការភ្ជាប់ផលិតផលស្រូវសរីរាង្គរបស់កសិករខ្នាតតូច និងជនជាតិដើមភាគតិចទៅកាន់ទីផ្សារនានាទាំងជាតិ និងអន្តរជាតិ សំដៅរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ប្រកបដោយប្រសិទ្ធភាព នវានុវត្តន៍ និងចីរភាព។















