ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អគ្គនាយកដ្ឋាន ក.ប.ប.នៃក្រសួងពាណិជ្ជកម្មបានរៀបចំវគ្គបណ្ដុះបណ្ដាលលើកកម្ពស់សមត្ថភាពស្ដីពី ការវាយតម្លៃហានិភ័យលើសុវត្ថិភាពផលិតផលជូនដល់មន្ត្រីនៃអគ្គនាយកដ្ឋាន ក.ប.ប.

(រាជធានីភ្នំពេញ)៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម សហការជាមួយការិយាល័យសុវត្ថិភាព និងស្ដង់ដាផលិតផលនៃចក្រភពអង់គ្លេស បានរៀបចំវគ្គបណ្ដុះបណ្ដាលលើកម្ពស់សមត្ថភាពស្ដីពី ការវាយតម្លៃហានិភ័យលើសុវត្ថិភាពផលិតផល
ជូនដល់មន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. ក្រោមអធិបតីភាព លោក ស៊ិន ស៊ីដេត អគ្គនាយករង នៃអគ្គនាយកដ្ឋាន ក.ប.ប. តំណាង ឯកឧត្តម គឹម មាសសុខសីហា អគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. និង លោក Chris WILLIAMSON ប្រធានផ្នែកនយោបាយ សេដ្ឋកិច្ច សុខាភិបាល និងអភិវឌ្ឍន៍ ស្ថានទូតចក្រភពអង់គ្លេស ប្រចាំកម្ពុជា។ វគ្គបណ្ដុះបណ្ដាលនេះ ត្រូវបានប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១-២ ខែធ្នូ ឆ្នាំ២០២៥។

វគ្គបណ្ដុះបណ្ដាលនេះត្រូវបានរៀបចំឡើងដោយមានការចូលរួមពីវាគ្មិនពីការិយាល័យសុវត្ថិភាព និងស្ដង់ដាផលិតផនៃចក្រភពអង់គ្លេស តំណាងស្ថានទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា និងមន្ត្រីជំនាញ ក.ប.ប. សរុបប្រមាណ ៨០រូប។

គោលបំណងនៃការរៀបចំវគ្គបណ្ដុះបណ្ដាលនេះឡើង គឺដើម្បីលើកកម្ពស់ការយល់ដឹង និងបំពាក់បំប៉ននូវចំណេះជំនាញពាក់ព័ន្ធនឹងការវាយតម្លៃហានិភ័យនៃផលិតផល និងវិធីសាស្ត្រគ្រប់គ្រងហានិភ័យដែលមានលើផលិតផល។ ចំណេះជំនាញដែលទទួលបាន នឹងជួយឱ្យកម្ពុជាអាចពង្រឹងសមត្ថភាពក្នុងការធានានូវផលិតផលដែលមានសុវត្ថិភាពចរាចរក្នុងទីផ្សារបានមួយកម្រិត និងការពារអ្នកប្រើប្រាស់ពីការទទួលរងគ្រោះថ្នាក់តាមរយៈការប្រើប្រាស់ផលិតផលផងដែរ។

សូមរំលឹកផងដែរថា អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម បានចុះនូវអនុស្សរណៈនៃការយោគយល់ជាមួយនឹងការិយាល័យសុវត្ថិភាព និងស្ដង់ដាផលិតផលនៃចក្រភពអង់គ្លេស ដែលឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និត និងការផ្លាស់ប្ដូរចំណេះជំនាញ និងបទពិសោធន៍ពាក់ព័ន្ធនឹងសុវត្តិភាពផលិតផល៕