ភ្នំពេញ៖ សេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម កម្ពុជា (គ.ល.ក.) អគ្គលេខាធិការដ្ឋាននៃ គ.ល.ក.បង្ហាញថា អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. និងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជាចុះអនុស្សរណៈនៃការយោគយល់ស្តីពីការផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ បានចុះ ដើម្បីប្រើប្រាស់ជាយន្តការក្នុងការផ្លាស់ប្តូរព័ត៌មានផ្សេងៗអំពីស្ថានភាពរបស់បុគ្គលដែលពាក់ព័ន្ធសកម្មភាព សម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ក្នុងវិស័យល្បែងពាណិជ្ជកម្ម។
អនុស្សរណៈនៃការយោគយល់ស្តីពីការផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធការប្រឆាំងការសម្អាតប្រាក់និង ហិរញ្ញប្បទានភេរវកម្មនេះ មានគោលដៅពង្រឹង និងពង្រីកកិច្ចសហការគ្នាទៅវិញទៅមកឱ្យកាន់តែមាន ប្រសិទ្ធភាពថែមទៀត និងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការស្វែងរក ទប់ស្កាត់ ព្រមទាំងលុបបំបាត់ការ សម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម ដោយត្រូវអនុវត្តស្របតាមតួនាទី និងភារកិច្ចនៃស្ថាប័នទាំងពីរ ដែលស្ថិតក្រោមច្បាប់ និងបទប្បញ្ញតិជាធរមានរបស់ព្រះរាជាណាចក្រកម្ពុជា។
ជាលទ្ធផលពិធីចុះអនុស្សរណៈនៃការយោគយល់ខាងលើ បានប្រព្រឹត្តទៅដោយរលូន និងប្រកប ដោយក្តីសោមនស្សរីករាយ។ អាស្រ័យដូចបានជម្រាបខាងលើ សូម សាធារណជនជាតិ និងអន្តរជាតិ មេត្តាជ្រាបជាព័ត៌មាន។