ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អ្នកឧកញ៉ាម៉ុង ឫទ្ធី ចាយទុនអស់ប្រមាណ ១២០ លានដុល្លារ លើការវិនិយោគដាំដុះដំណាំដូងប្រេងក្នុងរយ:ពេលជាង ៣០ឆ្នាំ

ព្រះសីហនុ: ថ្លែងប្រាប់អ្នកសារព័ត៌មានចម្រុះស្ថាប័នក្នុងដំណើរទស្សនកិច្ចនៅតំបន់វិនិយោគ និងអភិវឌ្ឍន៍របស់ក្រុម ហ៊ុន ម៉ុង ឫទ្ធី គ្រុបនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុកាលពីចុងសប្តាហ៍កន្លងទៅ អ្នកឧកញ៉ា ម៉ុង ឫទ្ធី បានចំណាយទុនអស់ប្រមាណ១២០លានដុល្លារលើការវិនិយោគដាំដុះដំណាំដូងប្រេង។ អ្នកឧកញ៉ា ម៉ុង ឫទ្ធី ថា ការវិនិយោគលើដំណាំដូងប្រេងរហូតមកដល់ពេលនេះ ក្រុមហ៊ុនចាយទុនអស់ប្រមាណ១២០ លានដុល្លារ និងនៅមិនទាន់រកបានផលចំណេញបានវិញនៅឡើយទេ។ ការធ្វើជំនួញកសិកម្មសេដ្ឋីៗក្នុងស្រុកមិនហ៊ានប្រថុយដាក់ទុនវិនិយោគនោះទេ ប៉ុន្តែអ្នកឧកញ៉ាមិនរុញរានៅតែបន្តមុខជំនួញដែលអ្នកឧកញ៉ាបានចាប់កវែកកឆ្នាំងពេញមួយជីវិតនេះ។
ជាមួយគ្នានេះ អ្នកឧកញ៉ាបានបញ្ជាក់ថា ក្រុមហ៊ុនបានចាប់ផ្តើមដាំដុះដំណាំដូងប្រេងតាំងពីឆ្នាំ ១៩៩៥ និងបច្ចុប្បន្នបានពង្រីកនៅលើផ្ទៃដីជាង ១៦ ០០០ ហិកតា នៅស្រុកព្រៃនប់ ក្នុងខេត្តព្រះសីហនុ។ ការវិនិយោគដំណាំដូងប្រេងត្រូវចាយពេលវេលា និងទុនច្រើន ខណៈការវិនិយោគរបស់ឧកញ៉ាបច្ចុប្បន្ន បានបង្កើតការងារដល់ពលរដ្ឋទាំងផ្ទាល់និងប្រយោលបានរាប់ម៉ឺននាក់។ បើតាមអ្នកឧកញ៉ា ម៉ុង ឫទ្ធី បានឲ្យដឹងថា ផលដូងប្រេងរបស់ក្រុមហ៊ុនប្រមាណ ៩៧% ត្រូវបាននាំចេញទៅប្រទេសឥណ្ឌា និងសល់ប្រហែល ៣% កែច្នៃប្រើប្រាស់នៅក្នុងស្រុក៕