ភ្នំពេញ:លោកជំទាវឧកញ៉ា សែន ពិសិដ្ឋវណ្ណីដា ប្រធានស្ដីទីនៃសមាគមទីភ្នាក់ងារជ្រើសរើសពលករកម្ពុជា និងក្រុមប្រឹក្សាភិបាល និងសមាជិក នៃសមាគមអាក្រា នៅថ្ងៃពុធថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះបានអញ្ជើញចូលរួមពិធីអបអរសាទរ ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ លើកទី១១ ក្រោមប្រធានបទ “រួមគ្នាដើម្បីកម្ពុជាគ្មានអំពើជួញដូរមនុស្ស និងគ្មានអំពើឆបោកតាមអនឡាញ” ។
កម្មវិធីនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្តិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
ពិធីនេះរៀបចំឡើងដោយ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះមន្ត្រីសង្ឃ តំណាងសាសនានានា នៅកម្ពុជា សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ មន្ត្រីរាជការ អភិបាលអភិបាលរងរាជធានី ខេត្ត ខណ្ឌ សង្កាត់ កងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ស្ថានតំណាងប្រចាំនៅកម្ពុជា តំណាងអង្គការសហប្រជាជាតិ អង្គ ការដៃគូជាតិ អន្តរជាតិ អង្គការសង្គមស៊ីវិល តំណាងសិស្ស និស្សិត បញ្ញាវ័ន្ត និងវិស័យឯកជន សរុបប្រមាណ ៣.០០០ អង្គ/នាក់។
គោលបំណងនៃការប្រារព្ធ ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នេះ គឺដើម្បីជាយុទ្ធនាការផ្សព្វផ្សាយ ដ៏ធំមួយ អំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធជាតិ និងអន្តរជាតិសូមចូលរួមទាំងអស់គ្នាដើម្បីបង្ការទប់ស្កាត់ និងការពារប្រជា ពលរដ្ឋកម្ពុជា និងជនបរេទសគ្រប់រូប ដែលបាននិងកំពុងស្ថិតនៅក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យរស់នៅប្រកបដោយ សុវត្ថិភាព ភាពរីករាយ កក់ក្តៅ និងគ្មានការបារម្ភ ពីអំពើជួញដូរមនុស្សនិងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល (Digital Era)។
ទាំងនេះជាការបង្ហាញនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំឥតរាថយរបស់ រាជរដ្ឋាភិបាលនីតិកាលទី៧ ក្នុងការប្រយុទ្ធ ប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងបទល្មើសឧក្រិដ្ឋពាក់ព័ន្ធដទៃទៀត ដើម្បីព្រះរាជាណាចក្រកម្ពុជា មាន សុវត្ថិភាព ភាពរីករាយ និងអភិវឌ្ឍន៍ ក្រោមដំបូលនៃសន្តិភាព។



