កណ្តាល:ប្រភពព័ត៌មានពីក្រុមឈ្មួញ និងអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៣ស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាលបានឲ្យដឹងថា ទោះបីពួកគាត់ដឹកជញ្ជូនទំនិញផ្ទុកមិនលើសទម្ងន់ក៏ត្រូវបង់លុយតាមការកំណត់របស់លោក ចេង ឃីម ដែលជាប្រធានស្ថានីយ៍ដែរ។
រីឯរថយន្តធំៗ សណ្ដោងកន្ទុយវែងៗ សណ្ដោងរ៉ឺម៉កផ្ទុកលើសទម្ងន់ អាចបើកបរឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៣ ភូមិកំពង់ទួលស្រុកកណ្ដាលស្ទឹង យ៉ាងស្រួលៗឲ្យតែម្ចាស់រថយន្តទាំងនោះបង់លុយតាមការកំណត់។
បញ្ហានេះគឺជារឿងដដែល ក្រុ អាជីវករនិងអ្នកដឹកជញ្ជូនទំនិញគោរពស្នើសុំ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនក៏ដូចជាលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេសមិនគួរមើលរំលងតទៅទៀតនោះទេ។
តាមការបង្ហើបពីមន្រ្តីនៅក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល បានឲ្យដឹងថា ដោយសារតែមានការបើកដៃពីសំណាក់លោក បូរី វង្សសានិតប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល ទើបលោក ចេង ឃីម ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៣ ស្រុកកណ្ដាលស្ទឹង
មិនញញើតក្នុងការប្រព្រឹត្តអំពើពុករលួយ។
បើគ្មានការបើកដៃពីសំណាក់លោក បូរី វង្សសានិត ទេនោះ គឺលោក ចេង ឃីម ប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងលុយតាមអំពើចិត្តរបស់ខ្លួនឡើយ។
លើសនេះទៅទៀតការដែលលោក បូរី វង្ស សានិត អាចរក្សាតំណែងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល បានយូរហើយមិនញញើតក្នុងការប្រព្រឹត្តអំពើពុករលួយគឺដោយសារអាងមានខ្នងបង្អែករឹងមាំ។
ក្រុមឈ្មួញ និងអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ស្ថានីយជញ្ជីងថ្លឹងរថយន្ត ផ្លូវជាតិលេខ៣ ភូមិកំពង់ទួល បានឲ្យដឹងថា លោក ចេង ឃីម តែងតែប្រើឈ្មោះ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល ដើម្បីការពារទង្វើរបស់ខ្លួនយ៉ាងរលូន។
ទន្ទឹមនឹងនេះគឺលោក បូរី វង្សសានិត តែងរក្សាភាពស្ងៀមស្ងាត់ទុកឲ្យលោក ចេង ឃីម និងក្រុមមន្រ្តីប្រចាំស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៣ ស្រុកណ្ដាលស្ទឹង ប្រែក្លាយជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងលុយយ៉ាងពេញទំហឹង។
សារព័ត៌មាន ដេលីខ្មែរ មិនអាចសុំបំភ្លីពីលោក បូរី វង្ស សានិត បានទេនៅថ្ងៃទី២៧ខែកុម្ភះនេះ។ ដោយឡែក ក្រុមឈ្មួញ និងអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់សូមស្នើសុំ ឯកឧត្តម ប៉េង ពោធិ៍ នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស មិនគួរមើលរំលងអំពើពុករលួយរបស់លោក ចេង ឃីម ត្រូវបានលាតត្រដាងជាបន្តបន្ទាប់៕







