ទីក្រុងយូកូហាម៉ា ៖ នាវេលាម៉ោង ១០ ព្រឹក ថ្ងៃអង្គារទី១៧ ខែមីនា ឆ្នាំ២០២៦នេះនៅកំពង់ផែ Yokohama នៅប្រទេសជប៉ុន ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) និងជាប្រធានក្រុមប្រឹក្សាភិបាល កសស, និងឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ តំណាង ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំសមាជិកនៃក្រុមប្រឹក្សាភិបាល កសស និងថ្នាក់ដឹកនាំ កសស ធ្វើដំណើរទស្សនកិច្ចនៅកំពង់ផែ Yokohama នៅប្រទេសជប៉ុន។
ដំណើរទស្សនកិច្ច ក្នុងគោលបំណងស្វែងយល់អំពី ការប្រើប្រាស់គ្រឿងចក្រចល័តលើទីលាន (RTG) ដំណើរការដោយ អ៉ីដ្រូហ្សែន (Hydrogen) និងប្រព័ន្ធ CONPAS នៅកំពង់ផែ Yokohama។
ក្នុងដំណើរទស្សនកិច្ចនេះ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់ថ្នាក់ដឹកនាំ នៃភាគីជប៉ុន ដែលមានដូចជា ៖ លោក UEMATSU Hisataka ប្រធានសាជីវកម្មកំពង់ផែ Yokohama, លោក TAKADA Masayuki អនុប្រធាន និងតំណាងនាយក នៃសាជីវកម្មកំពង់ផែអន្តរជាតិ Yokohama Kawasaki, លោក SHIMIZU Masahiro អ្នកគ្រប់គ្រងទូទៅ នៃនាយកដ្ឋានចំណតផែ Yokohama នៃសាជីវកម្ម Utoc, លោក NAKAMURA Hitoshi នាយក ការផ្សព្វផ្សាយកំពង់ផែកាបូនអព្យាក្រឹត្យ (Carbon Neutral) នៃផ្នែកសម្របសម្រួលគោលនយោបាយ នៃការិយាល័យកំពង់ផែ និងកណ្ណធារ នៃទីក្រុង Yokohama និងលោក KANEMARU Keisuke នាយក ការិយាល័យរៀបចំផែនការគោលនយោបាយអន្តរជាតិ នៃផ្នែកគោលនយោបាយកំពង់ផែឧស្សាហកម្ម នៃការិយាល័យកំពង់ផែ និងកណ្ណធារ នៃក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ នៃប្រទេសជប៉ុន។








