ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អគ្គនាយកពន្ធដារ សម្រេចចុះពិនិត្យ ហាងស៊ុប របស់ថៅកែសាលារៀន ហេឡូអាមេរិកាំង តាមបណ្តឹងរបស់ឪពុកម្តាយ បុគ្គលិក ដែលថៅកែហាងចាប់ដាក់គុក

អគ្គនាយកពន្ធដារ សម្រេចចុះពិនិត្យ ហាងស៊ុប របស់ថៅកែសាលារៀន ហេឡូអាមេរិកាំង តាមបណ្តឹងរបស់ឪពុកម្តាយ បុគ្គលិក ដែលថៅកែហាងចាប់ដាក់គុក

(ភ្នំពេញ)៖ ជាការឆ្លើយតបទៅនឹងបណ្តឹងរបស់ អាណាព្យាបាលរបស់ជនជាប់ចោទ ឈ្មោះ នូ លាងហាន ដែលសំណូមពរឲ្យអគ្គនាយកដ្ឋានពន្ធដារ ជួយពិនិត្យ និងស្រាវជ្រាវ លើរបាយការណ៍ប្រាក់ចំណូល ចំណាយ និងការបង់ពន្ធ របស់ហាងស៊ុប រ៉ូយ៉ាល់ ហ្គោលឌិន ថោន ស៊ុគីស៊ុប (Royal Golden Town Suki Soup) អគ្គនាយកដ្ឋានពន្ធដារ បានចេញលិខិតមួយដោយបញ្ជាក់ថា ស្ថាប័នមួយនេះ សម្រេចបើកការស្រាវជ្រាវតាមសំណើ ដើម្បីរកឲ្យឃើញការពិត។

យោងតាមលិខិត លេខ១៩៨២៥ អ.ព.ដ ចុះថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ ដែលចុះហត្ថលេខាដោយលោក គង់ វិបុល អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានជម្រាបទៅលោកស្រី គង់ ភា និងលោក នូ គម ជាអាណាព្យាបាល របស់ជនជាប់ចោទឈ្មោះ នូ លាងហាន ថា ស្ថាប័នមន្ត្រីពន្ធដារ នឹងពិនិត្យ និងស្រាវជ្រាវ ហាងស៊ុប រ៉ូយ៉ាល់ ហ្គោលឌិន ថោន ស៊ុគីស៊ុប (Royal Golden Town Suki Soup) ដែលមានទីតាំង អគារលេខ៥៩៧ និង៥៩៩ តាមបណ្តោយផ្លូវកម្ពុជាក្រោម ទល់មុខសាលាសន្ធរម៉ុក ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីធានាបាននូវការប្រកួតប្រជែងដោយស្មើភាព ក៏ដូចជាទប់ស្កាត់នូវការគេចវេះ និងបន្លំពន្ធ និងពង្រឹងនូវអនុលោមភាពសារពើពន្ធ។

សូមជម្រាបជូនថា កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ លោកស្រី គង់ ភា និងលោក នូ គមអាណាព្យាបាល របស់ជនជាប់ចោទឈ្មោះ នូ លាងហាន បានដាក់បណ្តឹងចូលអគ្គនាយកដ្ឋានពន្ធដារ ឲ្យជួយត្រួតពិនិត្យ និងធ្វើសវនកម្ម លើរបាយការណ៍ប្រាក់ចំណូល ចំណាយ និងការបង់ពន្ធ របស់ហាងស៊ុប រ៉ូយ៉ាល់ ហ្គោលឌិន ថោន ស៊ុគីស៊ុប (Royal Golden Town Suki Soup) ដែលមានម្ចាស់ឈ្មោះ គង់ សម្បត្តិ ដើម្បីរកឲ្យឃើញថា តើលោក គង់ សម្បត្តិ ថៅកែហាងស៊ុប បានធ្វើរបាយការណ៍ចំណូលយកទៅបង់ពន្ធជូនរដ្ឋ ដូចលោកថៅកែរូបនេះធ្វើរបាយការណ៍ចំណូលយកទៅប្តឹងកូនពួកគាត់ដាក់គុកដែរឬទេ?

ការសម្រេចដាក់ពាក្យប្តឹងទៅអគ្គនាយកពន្ធដារ ឲ្យជួយពិនិត្យ និងធ្វើសវនកម្ម លើការបង់ពន្ធរបស់ហាងស៊ុបយីហោ រ៉ូយ៉ាល់ ហ្គោលឌិន ថោន ស៊ុគីស៊ុប (Royal Golden Town Suki Soup) ដើម្បីរកឲ្យឃើញ ការពិតពីចំណូលប្រចាំខែ ដែលអាចជាភ័ស្តុតាងថ្មី ដាក់ជូនតុលាការ មុនពេលសម្រេចសេចក្តី លើជនជាប់ចោទ ដែលជាអនីតិជន និងជាអតីតបុគ្គលិក ហាងស៊ុបរបស់ថៅកែ គង់ សម្បត្តិ។

សូមបញ្ជាក់ជូនថា លោក គង់ សម្បត្តិ ដែលគេស្គាល់ថា ជាថៅកែសាលារៀន ហេឡូអាមេរិកាំង (Hello American School) សាលារៀនរ៉ូយ៉ាល់ អ៊ីនធឺខន (Royal Intercon School) និងជាថៅកែហាងស៊ុប រ៉ូយ៉ាល់ ហ្គោលឌិន ថោន ស៊ុគីស៊ុប (Royal Golden Town Suki Soup) និងជាអនុប្រធានការិយាល័យកិច្ចការអាស៊ាន នៃអគ្គនាយកដ្ឋានកិច្ចការទូទៅ ក្រសួងទំនាក់ទំនងព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ច ក្របខ័ណ្ឌ (ក 2-2) ចូលបម្រើការ ថ្ងៃថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ១៩៩៩ និងមានអត្តលេខ១៧៤០២០០០១១។

គួររំឭកថា លោក គង់ សម្បត្តិ ថៅកែហាងស៊ុបយីហោ រ៉ូយ៉ាល់ ហ្គោលឌិន ថោន ស៊ុគីស៊ុប (Royal Golden Town Suki Soup) កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨ បានប្តឹងឲ្យសមត្ថកិច្ចចាប់ខ្លួនជនជាប់ចោទឈ្មោះ នូ លាងហាន យកទៅដាក់គុក ដោយចោទប្រកាន់ថា ជនជាប់ចោទជាអនីតិជនរូបនេះ បានលួចលុយរបស់ហាងស៊ុបអស់ចំនួន៨១,៥៩៣.៩២ ដុល្លារ ក្នុងរយៈពេល៣ខែ នៅពេលជនជាប់ចោទធ្វើការឲ្យលោកថៅកែ គង់ សម្បត្តិ ដោយគ្មានកិច្ចសន្យាការងារ៕